ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ រិះគន់អាជ្ញាធរសង្កាត់គយត្របែកថា បើកដៃឲ្យក្រុមអាជីវកម្មដឹកអាចម៍ដីលក់ បំផ្លាញផ្លូវបេតុងស្រុតខូចរបើកបេតុងនិងដាច់ទុយោទឹកស្អាតនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ រិះគន់អាជ្ញាធរសង្កាត់គយត្របែកថា បើកដៃឲ្យក្រុមអាជីវកម្មដឹកអាចម៍ដីលក់ បំផ្លាញផ្លូវបេតុងស្រុតខូចរបើកបេតុងនិងដាច់ទុយោទឹកស្អាតនៅក្រុងស្វាយរៀង។

ប្រជាពលរដ្ឋបានលើកឡើងនៅព្រឹកថ្ងៃទី២៩វិច្ឆិកា២០២៤ នៅភូមិគយត្របែកសង្កាត់គយត្របែកក្រុងស្វាយរៀង។

ប្រជាពលរដ្ឋ បានលើកឡើងបន្តថា ក្រុមអាជីវកម្មដឹកអាចម៍ដីលក់នេះ មានឈ្មោះជុំ ខាន់ មានទីលំនៅឯខេត្តកំពង់ចាម បានមកធ្វើអាជីវកម្ម ជីករណ្តៅដី និងដឹកអាចម៍ដីលក់ នៅក្រុងស្វាយរៀង ធ្វើឲ្យប៉ះពល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយដឹកអាចម៍ដី ដាក់ដីខ្ពស់ផុតទ្រុងបង្ក ឲ្យធ្លាក់អាចម៍ដីរាយប៉ាយតាមផ្លូវក្នុងក្រុងស្វាយរៀង បង្កឲ្យហុយធូលីដី ចូលផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ប៉ះពាល់ដល់បរិស្ថាន ទីក្រុងស្អាត និងបង្ក បែកស្រុតខូចផ្លូវបេតុងបណ្តោយ ប្រវែងជិត២០ម៉ែត្រខូចទាំងស្រុង និងស្រុតផ្លូវបង្កឲ្យបែកទុយោទឹកស្អាតមួយកន្លែង បង្កឲ្យប្រជាពលរដ្ឋភូមិគយត្របែកដាច់ទឹកប្រើប្រាស់១ថ្ងៃ ។

ហើយបើគ្មានការទប់ស្កាត់ពីអាជ្ញាធរទេ ផ្លូវបេតុង១ខ្សែ នេះពិតជាខូចកាន់តែច្រើនម៉ែត្រទៀតមិនខាន និងបែកលូបណ្តោះទឹកកាត់ផ្លូវមួយកន្លែង។

ទាក់ទិនករណីនេះដែរ លោកប្រាក់ដន ចៅសង្កាត់គយត្របែក បានមានប្រសាសន៍ថា ក្រុមហ៊ុនអាជីវកម្មដឹកអាចម៍ដីលក់ របស់ឈ្មោះជុំ ខាន់ ពិតជា បានដឹកដីធ្វើឲ្យខូចផ្លូវបេតុងពិតប្រកដមែន ក៏ប៉ុន្តែក្រុមហ៊ុនបានសុំច្បាប់ធ្វើអាជីវកម្ម ហើយបានធ្វើកិច្ចសន្យា បើខូចខាតបាក់ស្រុតខូចផ្លូវក្រុមហ៊ុននិងជួសជុលសងវិញ។

ហើយបញ្ហា​ដាច់ទុយោទឹកស្អាតរបស់ប្រជាពលរដ្ឋនោះក្រុមហ៊ុនបានឲ្យរដ្ឋាករទឹកស្អាតមកតឲ្យវិញហើយ ។ 

ពាក់ព័ន្ធ ករណីនេះ លោកណុបចំរើន អភិបាលក្រុងស្វាយរៀង បានមានប្រសាសន៍​ថា លោកនិងចាត់លោកអភិបាលរងក្រុងនិងក្រុមការងារបច្ចេកទេសចុះពិនិត្យមើលបើក្រុមហ៊ុន មិនគោរពតាមកិច្ចសន្យា ជួសជុលផ្លូវខុសបច្ចេកទេស លោកនិងបញ្ឈប់អាជីវកម្មមិនឲ្យបន្តសកម្មភាពទៀតទេ ក្រុមហ៊ុនត្រូវតែជួសជុលផ្លូវបេតុង ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសឲ្យប្រជាពលរដ្ឋវិញ។

ក្រោយមក នារសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ភឹម ថា អភិបាលរងក្រុងស្វាយរៀង បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងសង្កាត់គយត្របែក ពិនិត្យទីតាំងផ្លូវបេតុងអាមេគម្រោងមូលនិធិសង្កាត់ ដែលរងការខូចខាត ស្ថិតនៅភូមិគយត្របែក សង្កាត់គយត្របែក ដោយសាររថយន្ត អាជីវកម្មដឹកអាចម៍ដីរបស់ក្រុមហ៊ុនជុំ ខាន់ ក្រោមពិនិត្យក្រុមការងារឃើញថាផ្លូវខូចខាតធ្ងន់ធ្ងរ និងស្រុតប្រេះប្រវែងសរុប ២៧ម៉ែត្រ។ 

លោក ភឹម ថា បានណែនាំដល់ក្រុមហ៊ុនត្រូវជួសជុលធ្វើសងផ្លូវបេតុងអាម៉េឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដោយទុករយៈពេល១៥ ចាប់ពីថ្ងៃធ្វើកំណត់ហេតុ។ ក្រុមហ៊ុនបានទទួលយកការណែនាំ និងជួសជុលដោយចាក់ថ្មបំបែកបណ្នោះអាសន្ននៅល្ងាចនេះ៕

ដោយ៖ សុថាន


ចែករំលែក៖