ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងបណ្តាលមកពីព្យុះបានបោកបក់ពាសពេញភាគកណ្តាល និងភាគខាងកើតសហរដ្ឋអាមេរិក ដែលធ្វើឱ្យផ្ទះជិតមួយលានខ្នងគ្មានអគ្គិសនីប្រើប្រាស់។
ព្យុះដ៏ខ្លាំងក្លានៅថ្ងៃទី 26 ខែវិច្ឆិកា បានរំខានដល់ការប្រារព្ធពិធីបុណ្យ Thanksgiving សម្រាប់ជនជាតិអាមេរិករាប់លាននាក់ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរក្នុងអំឡុងពេលរដូវទេសចរណ៍កំពូលមួយរបស់ប្រទេស។ យោងតាម FlightAware ជើងហោះហើរជិត 400 ត្រូវបានលុបចោល និងជើងហោះហើរជាង 2,000 ត្រូវបានពន្យារពេល។
អាជីវកម្ម និងផ្ទះជាង 900,000 បានបាត់បង់អគ្គិសនីប្រើប្រាស់។ គេហទំព័រតាមដានការដាច់ចរន្តអគ្គិសនី PowerOutage បាននិយាយថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺរដ្ឋ Pennsylvania, Maryland និង Virginia។
ក្បួនដង្ហែរថ្ងៃ Thanksgiving ដ៏ល្បីល្បាញរបស់ Macy’s នៅទីក្រុងញូវយ៉កត្រូវបានពន្យារពេលជាលើកដំបូងក្នុងរយៈពេលជាង 100 ឆ្នាំ។ អ្នករៀបចំបាននិយាយថា ព្រឹត្តិការណ៍នេះត្រូវបានផ្លាស់ប្តូរទៅថ្ងៃទី 28 ខែវិច្ឆិកា ដើម្បីធានាសុវត្ថិភាពរបស់អ្នកចូលរួម។ លើកចុងក្រោយដែលព្រឹត្តិការណ៍នេះមិនបានកើតឡើងក្នុងអំឡុងពេល Thanksgiving គឺក្នុងអំឡុងពេលសង្គ្រាមលោកលើកទី 2 នៅពេលដែលក្បួនដង្ហែរត្រូវបានលុបចោលអស់រយៈពេលបីឆ្នាំ។
តំបន់ជាច្រើនតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិកត្រូវបានជន់លិច ខ្យល់បក់ខ្លាំង និងដីសើមបានបណ្តាលឱ្យដើមឈើជាច្រើនដួលរលំ បំផ្លាញខ្សែភ្លើង និងផ្ទះសម្បែង។
នៅរដ្ឋ Maryland មន្ត្រីមូលដ្ឋានមានការព្រួយបារម្ភថា ការដាច់ចរន្តអគ្គិសនីនឹងប៉ះពាល់ដល់ប្រព័ន្ធប្រព្រឹត្តកម្មទឹក ហើយបានស្នើសុំឱ្យមនុស្សជិតពីរលាននាក់សន្សំសំចៃទឹក។ មន្ត្រីបានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ហើយស្ពានមួយចំនួនត្រូវបានបិទដោយសារតែខ្យល់បក់ខ្លាំង។
តំបន់ជាច្រើននៅភាគខាងត្បូងរដ្ឋ New York រួមទាំងទីក្រុង New York និង Long Island ក៏ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមស្ថានភាពអាសន្នមុនពេលព្យុះមកដល់ផងដែរ៕

ដោយ៖ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច