ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មុខ សញ្ញាសង្ស័យម្នាក់ត្រូវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត និងស្ទាក់រថយន្តឱ្យឈប់រួចធ្វើសកម្មភាពទាញដាវដេញកាប់អ្នកបើកបររថយន្តបណ្ដាលឲ្យមានរបួសស្រាល។
ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៦ វេលាម៉ោង០០និង៣០ នាទីរំលងអធ្រាត នៅតាមបណ្ដោយផ្លូវកៅស៊ូ1KS2 ស្ថិតនៅចំណុចភូមិកោះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានករណីគប់កញ្ចក់រថយន្តនិងកាន់ កាប់អាវុធខុសច្បាប់មួយកើតឡើង បង្កឡើងដោយជនសង្ស័យ០១នាក់ ឈ្មោះ ឡេង នីម (ហៅក្រច់) ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យបានធ្វើសកម្មភាពយកវត្ថុរឹងគប់ទៅលើកញ្ចក់រថយន្ត០១គ្រឿង ម៉ាកHiNo ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ 3A-4393 ជាប្រភេទរថយន្តសណ្ដោងរម៉កដឹកស្រូវ ដែលជនរងគ្រោះកំពុងបើកបរដឹកស្រូវក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យបែកកញ្ចក់រថយន្តផ្នែកខាងមុខមួយផ្ទាំង ។
នគរបាលស្រុកសាមគ្គីមុនីជ័យឲ្យដឹងថា ជនរងគ្រោះជាតៃកុងរថយន្តឈ្មោះ រដ្ឋា វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាង លើយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ។ +ដកហូតវត្ថុតាង:ដុំថ្ម១ ដាវ០១ដើម – ដែកឆាប០១ដើម ។
ករណីខាងលើជំនាញនគរបាលកំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច