ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ឧក្រិដ្ឋកម្មនិងការរំលោភបំពានរបស់យោធាថៃ ត្រូវបានចងក្រងទុកជាភស្តុតាងយ៉ាងច្បាស់លាស់ដោយអ្នកសង្កេតការណ៍ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដូចដែលអនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសង្កត់ធ្ងន់ក្នុងបទអន្តរាគមន៍នៅក្នុងឱកាស មហាសន្និបាតតំបន់អឺរ៉ុប លើកទី៣៨ នៃសភាប្រើភាសាបារាំង (APF) នៅទីក្រុងព្រុចសែល កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ការណ៍ដែលភាគីថៃព្យាយាមគំរាមកំហែង ឬទាមទារមិនឱ្យកម្ពុជាលើកយកបញ្ហានេះទៅបង្ហាញលើវេទិកាអន្តរជាតិ ក្រោមលេសថាជាបញ្ហាទ្វេភាគី គឺជាទង្វើមិនអាចទទួលយកបានឡើយ ព្រោះការកសាងទំនុកចិត្តមិនអាចកើតឡើងតាមរយៈការរឹតត្បិតសេរីភាពការទូត ឬការដាក់គំនាបឱ្យភាគីរងគ្រោះនៅស្ងៀមស្ងាត់ចំពោះមុខការរំលោភ បំពាននោះទេ ប៉ុន្តែត្រូវឈរលើការគោរពច្បាប់អន្តរជាតិ សិទ្ធិអធិបតេយ្យនិងការអនុវត្តកិច្ចព្រមព្រៀងដោយសុច្ឆន្ទៈ។
ក្រសួងមហាផ្ទៃ ក៏បានស្វាគមន៍ចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ ជាពិសេសសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងមហាសន្និបាតសភាប្រើភាសាបារាំង (APF) លើកទី៥១ នៅទីក្រុងយ៉ាអ៊ុនដេ ប្រទេសកាមេរូន កាលពីខែកក្កដា ឆ្នាំ២០២៦ ដែលបានបញ្ជាក់ការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើ ភាពចាំបាច់នៃការការពារប្រជាជនស៊ីវិល ការអនុញ្ញាតឱ្យជនភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងជាអចិន្ត្រៃយ៍ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
បន្ថែមពីនោះ ក្រសួងមហាផ្ទៃ ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះការសង្កត់ធ្ងន់ជាថ្មីទៀត របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្នុងវេទិកានៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២១ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអំពាវនាវឱ្យភាគីថៃធ្វើការជាមួយកម្ពុជា ដើម្បីដំណើរការវាស់វែងនិងការកំណត់ព្រំដែនឡើងវិញភ្លាម ដោយគណៈកម្មការព្រំដែនគោក JBC ស្របតាមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងសម្រេចបាននូវសន្តិភាព យូរអង្វែងរវាងប្រទេសទាំងពីរ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច