ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងចម្រុះបន្តពង្រឹងការងារល្បាត និងបង្ក្រាបបទល្មើសនេសាទតាមតំបន់ព្រៃលិចទឹក ក្នុងរដូវទឹកស្រក

ចែករំលែក៖

ខេត្តបាត់ដំបង÷ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងយោធភូមិភាគទី៥ ចំនួន ៦នាក់ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន ៧នាក់ សរុបចំនួន ១៣នាក់ ដោយប្រើប្រាស់ទូកស្មាច់ចំនួន ២គ្រឿង បានបន្តចុះល្បាត ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រឡូត៍លេខ៦ បឹងផ្ដៅ ស្ថិតក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជាលទ្ធផលនៃប្រតិបត្តិការ កងកម្លាំងចម្រុះបានកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ រួមមាន៖

– របាំងនរាវដែលមានប្រវែងលើសកំណត់ ចំនួន ២កន្លែង។

– របាំងស្បៃមុងប្រវែងសរុប ៧៥០ម៉ែត្រ។

– បង្គោលសរុបចំនួន ២៥០ដើម។

– ឡុកចាប់ត្រីចំនួន ៥ឡុក។

នៅរដូវទឹកស្រក កងកម្លាំងចម្រុះនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការងារចុះល្បាត ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ជាពិសេសការប្រើប្រាស់ឧបករណ៍នេសាទដែលរារាំងការបម្លាស់ទីរបស់ត្រីតាមបែបធម្មជាតិ និងបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។

រួមគ្នាការពារបឹងទន្លេសាប ដើម្បីនិរន្តរភាពនៃធនធានមច្ឆជាតិ និងអនាគតកូនចៅជំនាន់ក្រោយ៕

ដោយ៖ សូរិយា


ចែករំលែក៖