ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកឱរ៉ាល់បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ខែវិច្ឆិកានេះថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីលួចកាត់ខ្សែភ្លើង ដោយឃាត់ខ្លួនបានជនសង្ស័យពីរនាក់ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនថែមទៀតផង។
មន្ត្រីបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅចំណុចថ្មអា ស្ថិតនៅភូមិក្បាលដំរី ឃុំត្រពាំងជោ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៩ និង ៣០នាទី នៅចំណុចក្រុមហ៊ុនថ្មអា ស្ថិតនៅភូមិក្បាលដំរី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីចោរកម្ម(លួចកាត់ខ្សែភ្លើង) មួយករណីកើតឡើង ដែលបង្កដោយជនសង្ស័យចំនួន ០២នាក់។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងជោ ចុះទៅដល់កន្លែងកើត ហេតុធ្វើការឃាត់ខ្លួនជនសង្ស័យ និងដកហូតសម្ភារៈវត្ថុតាងរួមមាន :
១. ម៉ូតូចំនួន ០១គ្រឿង ម៉ាកស៊ុយសូគី ស្តារ៉ាយ ពណ៍ស គ្មានស្លាកលេខ
២. កាំបិតផ្គាក់ចំនួន ០២ដើម
៣. កូនកាំបិតសម្រាប់ចៀខ្សែភ្លើងចំនួន ០១
៤. ផ្លែកាំបិតសម្រាប់ចៀខ្សែភ្លើងចំនួន ០១ប្រអប់
៥. ម៉ូទ័រស្វានចំនួន ០២
៦. ខ្សែភ្លើងមួយចំនួន
៧. ទូរស័ព្ទដៃចំនួន ០១គ្រឿង
៨. ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន ០១កញ្ចប់មធ្យម ។
បច្ចុប្បន្នចំពោះជនសង្ស័យទាំងពីរនាក់ត្រូវបានយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បន្តនីតិវិធី៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច