ខេត្តស្វាយរៀង៖ នគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្មេងទំនើង ០៥នាក់ យកមកអប់រំ បន្ទាប់ពីបង្ករការអុកឡុកក្នុងមូលដ្ឋាន។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត កម្លាំងអធិការនគរបាលក្រុងស្វាយរៀង កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដឹកនាំដោយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចេញល្បាតក្នុងភូមិសាស្ត្រក្រុងស្វាយរៀង បានប្រទះឃើញក្មេងទំនើង ០១ក្រុមចំនួន ០៥នាក់ ប្រុស ជិះម៉ូតូ ០៣គ្រឿង កំពុងឈប់ និងប្រមូលផ្តុំគ្នានៅខាងត្បូងសួនតាឌី ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
សមត្ថកិច្ចបញ្ជាក់ថា ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានធ្វើការសាកសួរ និងបានពិនិត្យមើលនៅក្នុងទូរស័ព្ទដៃឃើញថា មានរូបភាពវីដេអូធ្លាប់បង្ហោះម៉ូតូ។
ក្រោយពីបានពិនិត្យ សមត្ថកិច្ចបាននាំយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងបានឆ្លើយសារភាពថា ពេលកន្លងមកខ្លួន និងបក្សពួក ធ្លាប់បានធ្វើសកម្មភាពជិះបង្ហោះម៉ូតូ តាមផ្លូវសាធារណ: រួចថតជារូបភាព និងវីដេអូទុកក្នុងទូរស័ព្ទ។
ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដោយមានការយល់ព្រមពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចយើងបានធ្វើកិច្ចសន្យាអប់រំណែនាំ និងបានអោយអាណាព្យាបាលមកយកទៅអប់រំបន្ត រីឯមធ្យោបាយប្រព្រឹត្តសកម្មភាព សមត្ថកិច្ចបានធ្វើការដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង រយ:ពេល ០៦ខែ ទើបប្រគល់ជូនវិញ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច