ភ្នំពេញ៖ ក្នុងរយៈពេល ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ រាជធានីភ្នំពេញបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ សរុបជាងកន្លះលាននាក់ ដែលបានអញ្ជើញមកដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងប្រកបដោយសុវត្ថិភាពខ្ពស់ នៅតំបន់ព្រះបរមរាជវាំង និងតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)។
យោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា កំណើនភ្ញៀវទេសចរចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា មានសន្ទុះគួរឱ្យកត់សម្គាល់តាមថ្ងៃនីមួយៗដូចខាងក្រោម៖
ថ្ងៃទី១ (២៣ វិច្ឆិកា)៖ ទទួលបានភ្ញៀវទេសចរប្រមាណ ១៥៩,០០០ នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន ៤,០០០ នាក់។
ថ្ងៃទី២ (២៤ វិច្ឆិកា)៖ ជាថ្ងៃពេញបូណ៌មី និងជាថ្ងៃដែលមានអ្នកចូលរួមច្រើនជាងគេ រហូតដល់ប្រមាណ ២០ ម៉ឺននាក់ (ភ្ញៀវបរទេសជាង ៥ ពាន់នាក់) ដោយមានការរៀបចំពិធីសំពះព្រះខែ អកអំបុក និងការបាញ់កាំជ្រួចអបអរសាទរយ៉ាងអធិកអធមនាពេលរាត្រី។
ថ្ងៃទី៣ (២៥ វិច្ឆិកា)៖ ជាថ្ងៃបញ្ចប់នៃព្រះរាជពិធី មានភ្ញៀវទេសចរចូលរួមជិត ១៧ ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសមានជាង ២ ពាន់នាក់។
បរិយាកាសនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ ពោរពេញដោយភាពរស់រវើក ដោយប្រជាពលរដ្ឋ និងភ្ញៀវទេសចរមិនត្រឹមតែបានស្រូបយកខ្យល់អាកាសបរិសុទ្ធតាមមាត់ទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទស្សនាការសម្តែងរបាំ និងទស្សនីយភាពសិល្បៈប្រពៃណីខ្មែរដ៏សម្បូរបែប ព្រមទាំងភ្លក់រសជាតិម្ហូបអាហារយ៉ាងច្រើនមុខផងដែរ។
លោកស្រីអ្នកនាំពាក្យបានបន្តថា កត្តាសុខសន្តិភាព ស្ថិរភាព និងសន្តិសុខសណ្តាប់ធ្នាប់ដ៏ល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ បានផ្តល់ទំនុកចិត្តខ្ពស់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ក្នុងការដើរលេងកម្សាន្តទាំងថ្ងៃទាំងយប់ដោយគ្មានការព្រួយបារម្ភ។ ព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ក៏ជាចលករដ៏សំខាន់ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ ប្រពៃណីជាតិដ៏ផូរផង់ និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត៕

ដោយ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច