ខេត្តស្ទឹងត្រែង ៖ មានក្រុមហ៊ុន១ កំពុងមានទីតាំងស្រុកអូរស្វាយ ខេត្តស្ទឹងត្រែង ជំនាញអូសឈើពីខាងក្រៅចូលក្នុងក្រុមហ៊ុន ដើម្បីអោយក្លាយជាឈើស្របច្បាប់ កាត់ PC នោះ កំពុងចរចាជាមួយជំនាញ និងទាហាន ដើម្បីចូលទៅកាប់អូសឈើនៅតំបន់អភិរក្សសត្វស្លាប ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
នេះជាដំណឹងបឋម ឮល្វើយៗតាមមាត់ចាប មាត់ព្រាប ដែលអាចជាទុនដល់សមត្ថកិច្ច អាជ្ញាធរ ជំនាញ ឆ្លៀតឱកាស ស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីជាវិធានការទប់ស្កាត់ មុនបទល្មើសត្រូវបានកើតឡើង។
ទោះជាយ៉ាងណាក៏ដោយ ខាងជំនាញខាងបរិស្ថាន និងទាហាន មិនទាន់ឯកភាពនៅឡើយទេ ស្ថិតក្នុងកម្រិត ៥០បូក៥០ ពិចារណា និងត្រូវការពារកិត្តិយស ខណៈតំបន់អភិរក្សសត្វស្លាប ជាបទឧក្រិដ្ឋ ប្រសិនបើបើកដៃអោយឈ្មួញនោះ។
ប្រភពខ្លះបានបង្ហើបថា, ខាងក្រុមហ៊ុនចរចាបណ្តើរ បន្លំធ្វើផ្លូវដើម្បីចូលអូសឈើបណើ្តរ ប៉ុន្តែមិនទាន់ដំណើរកាប់ឈើនៅឡើយទេ ។ គេទស្សន៍ទាយថា, បើរឿងនេះស្ងាត់ អាចយ៉ាងយូរពី២ ទៅ៣ថ្ងៃនេះ ត្រូវមានសកម្មភាព តែម្តង។ ដូច្នេះអាជា្ញធរខេត្ត មន្ទីរបរិស្ថានខេត្ត បរិស្ថានក្រសួង សមត្ថកិច្ច គួរចាប់អារម្មណ៍ក្នុងករណីនេះខ្លះៗផង ប្រយោជន៍ការពារព្រៃឈើ អភិរក្សសត្វស្លាប ដែលកំពុងប្រឈមនឹងបាត់បង់ ដោយជនទុច្ចរិតប្រមាញ់នោះ ។
សូមរំលឹកថា, សត្វត្មាត និងពួកសត្វស្លាប ផ្សេងៗទៀតកំពុងរស់នៅតំនប់ព្រៃអភិរក្សក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ត្រូវបានអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកនេះ ចំណាយថវិកាជាង១០០០ដុល្លារ ទិញចំណីអាហារបន្ថែមឱ្យស៊ីក្នុងមួយខែ៣ដង ជាពិសេសនៅក្នុងរដូវដែលវាកំពុងពងកូននេះ។ នេះជាលើកឡើងពីមន្ត្រីជំនាញបរិស្ថានកន្លងទៅ ។
សូមបណ្ជាក់ថា, ក្នុងសកម្មភាពផ្តល់ចំណីសត្វ កាលពីនៅថ្ងៃទី១៩និងទី២០ធ្នូ ចុងឆ្នាំ២០២១នេះ លោកអ៊ាង សំណាង ប្រធានក្រុមអភិរក្សធនធានជីវចំរុះនៃអង្គការជីវិតសត្វស្លាប់អន្តរជាតិប្រចាំនៅស្រុកសៀមប៉ាងបានបញ្ជាក់ថា៖ នៅក្រុមអភិរក្សបានផ្តល់អាហារបន្ថែមឱ្យសត្មាតនិងសត្វស្លាប ផ្សេងៗទៀតក្នុងមួយខែ៣ដងជាប្រចាំដើម្បីយើងអភិរក្សពពួកសត្វដ៏កម្រ ទាំងនេះឱ្យនៅគង្គវង្សនឹងរក្សារវាឱ្យនៅក្នុងព្រៃទឹកដីយើងកុំឱ្យវាទៅរស់នៅព្រៃប្រទេសឡាវព្រោះខ្លាចត្រូវគេសម្លាប់វា។
លោកបន្ថែមថា៖ បច្ចុប្បន្ននៅពេលយើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានសត្វត្មាតនិងសត្វស្លាបផ្សេងៗទៀតមកស៊ីចន្លោះចាប់ពី៩០ក្បាល់ទៅ១២០ក្បាលតែប៉ុណ្នោះ ក្នុងនោះមាន៖ សត្វត្មាតត្នោត-ត្មាតផេះ-ត្មាតភ្លើង-ត្រយ៉ងយក្ស-ត្រយ៉ងចង្កំក៍ស-ត្រយ៉ងអង្កត់ខ្មៅ-ត្រដក់តូច-ត្រដក់ធំ-ត្រដក់ត្រីប្រផេះ-ឥន្ទ្រីខ្មៅ-និងសត្វក្អែកព្រៃ ដែលមានរស់នៅតំបន់ព្រៃអភិរក្សនេះ។
ដោយឡែក លោកផាន់យុទ្ធ អភិបាលស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ធ្លាប់បានបញ្ជាក់ថា៖ ការអភិរក្ស
សត្វស្លាបនេះបងប្អូនប្រជាពលរដ្ឋយើងបានភ្ញាក់រលឹកចូលរួមច្រើនព្រោះពូកគាត់បានចាត់ទុកថាពពួកសត្វទាំងនេះវាអាចបំរើឱ្យវិស័យទេសចរណ៍ដោយសារភ្ញៀវទេសចរមកលេងចង់មើលសត្វត្មាតទាំងនេះ។
ចុះបើក្រុមហ៊ុននោះ សម្តេចគោលដៅដើម្បីចូលកាប់ឈើអូសចេញពីតំបន់នោះ សង្ឃឹមថា, ប្រជាពលរដ្ឋ អង្គការ អាជ្ញាធរ អាចប្រតិកម្ម ប៉ុន្តែថ្នាក់លើគួរត្រួតពិនិត្យបន្ថែមផងដែរ ៕
ដោយ ៖ ខ្សឹបដាក់ត្រចៀក