ក្រុមហ៊ុន Thai President Foods ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ម៉ាក Mama របស់ប្រទេសថៃ បានសម្រេចបិទរោងចក្ររបស់ខ្លួននៅកម្ពុជា ក្រោយដំណើរការអស់រយៈពេលជាង ២០ ឆ្នាំ ដោយសារភាពតានតឹងតាមព្រំដែន អារម្មណ៍ប្រឆាំងផលិតផលថៃពីសំណាក់អ្នកប្រើប្រាស់ និងការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារ។
ទោះជាយ៉ាងណា ក្រុមហ៊ុនរំពឹងថា ការបិទអាជីវកម្មនៅកម្ពុជានេះ នឹងធ្វើឱ្យប្រាក់ចំណេញសរុបរបស់ខ្លួនធ្លាក់ចុះក្នុងកម្រិតប្រហែល ១-២% ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Prachachat Business។
លោក Phan Phaniengvet នាយកក្រុមហ៊ុន Thai President Foods បានឱ្យដឹងថា ការសម្រេចចិត្តនេះកើតឡើងក្រោយក្រុមហ៊ុនជួបប្រទះបញ្ហាប្រឈមជាច្រើន រួមមាន ការបិទច្រកព្រំដែន ការបដិសេធផលិតផលថៃពីសំណាក់អ្នកប្រើប្រាស់ បញ្ហាបំណុលមិនទាន់ទូទាត់ និងការលំបាកក្នុងការចែកចាយទំនិញ។
កន្លងមក Mama ធ្លាប់គ្រប់គ្រងចំណែកទីផ្សារមីកញ្ចប់នៅកម្ពុជារហូតដល់ ៧០-៨០%។ ប៉ុន្តែការរំខានដល់អាជីវកម្មអស់រយៈពេលយូរ បានផ្តល់ឱកាសឱ្យម៉ាកក្នុងស្រុក និងគូប្រកួតប្រជែងមកពីប្រទេសចិន វៀតណាម ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង ពង្រីកចំណែកទីផ្សាររបស់ខ្លួន។
ចំណូល និងផលប៉ះពាល់ដល់ប្រាក់ចំណេញ
មុនពេលមានភាពតានតឹងតាមព្រំដែន ក្រុមហ៊ុនបាននាំចេញមីកំប៉ុងពីប្រទេសថៃមកកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ១០០ លានបាតក្នុងមួយខែ។ ចំណែករោងចក្រនៅកម្ពុជាក៏មានទំហំលក់ប្រហាក់ប្រហែលគ្នា ដែលស្មើនឹងប្រមាណ ១ ពាន់លានបាតក្នុងមួយឆ្នាំ។
លោក Phan បានបញ្ជាក់ថា ក្រុមហ៊ុនមានចំណូលសរុបប្រចាំឆ្នាំលើសពី ២០ ពាន់លានបាត និងប្រាក់ចំណេញលើសពី ៣ ពាន់លានបាត។
ការបាត់បង់អាជីវកម្មនៅកម្ពុជាត្រូវបានរំពឹងថា នឹងធ្វើឱ្យប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនថយចុះប្រមាណ ៣០ លានបាត ឬមិនលើសពី ១-២% នោះទេ។ តួលេខនេះមិនទាន់រាប់បញ្ចូលការខាតបង់ផ្នែកគណនេយ្យដែលអាចកើតឡើងពីការធ្លាក់ថ្លៃទ្រព្យសកម្ម ឬការខូចខាតរោងចក្រឡើយ។
ក្រុមហ៊ុនក៏ធ្លាប់ពិចារណាលើជម្រើសមួយចំនួន ដូចជាការបង្កើតម៉ាកថ្មី ការប្តូរឈ្មោះក្រុមហ៊ុន ឬកាត់បន្ថយអត្តសញ្ញាណដែលបង្ហាញថាជាផលិតផលថៃ ដើម្បីកាត់បន្ថយការបដិសេធពីអ្នកប្រើប្រាស់។ ប៉ុន្តែចុងក្រោយ ក្រុមហ៊ុនបានសម្រេចមិនអនុវត្តជម្រើសទាំងនេះឡើយ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនមិនមានជម្លោះជាមួយអ្នកប្រើប្រាស់កម្ពុជានោះទេ ហើយក៏មិនបិទទ្វារចំពោះលទ្ធភាពវិលត្រឡប់មកកម្ពុជាវិញដែរ ប្រសិនបើស្ថានភាពនាពេលអនាគតមានភាពប្រសើរឡើង។
បញ្ហាប្រឈមថ្មី និងក្រុមហ៊ុនថៃផ្សេងទៀត
លោក Phan បានបន្ថែមថា បញ្ហាប្រឈមសំខាន់ជាងគេសម្រាប់ក្រុមហ៊ុននៅឆ្នាំក្រោយ គឺការកើនឡើងនៃថ្លៃវត្ថុធាតុដើម។ ដូច្នេះ ក្រុមហ៊ុន Thai President Foods ត្រូវស្វែងរកប្រភពចំណូលថ្មីៗ ដើម្បីទូទាត់ថ្លៃដើមដែលកើនឡើង ដោយមិនចាំបាច់ដំឡើងតម្លៃផលិតផល។
ការបិទរោងចក្រ Mama នៅកម្ពុជា កើតឡើងក្នុងពេលដែលក្រុមហ៊ុនធំៗរបស់ថៃផ្សេងទៀតក៏កំពុងកាត់បន្ថយ ឬបញ្ចប់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជាផងដែរ។
ក្នុងនោះ ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករហាងលក់ទំនិញ 7-Eleven បានប្រកាសផែនការបញ្ចប់ប្រតិបត្តិការទាំងអស់របស់ខ្លួននៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦។
យោងតាម Prachachat Business ចំនួនហាង 7-Eleven នៅកម្ពុជាបានធ្លាក់ចុះពី ១១២ ហាង នៅចុងខែមិថុនា ឆ្នាំ២០២៥ មកនៅត្រឹម ២៣ ហាង គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ចំពេលភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃនៅតែបន្តកើតមាន៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច