ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញក្រសួងការងារកំពុងដោះស្រាយការទាមទារពីកម្មករនិយោជិតនៅរោងចក្រ ស៊ីន ហេងយី នៅស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ ÷ក្រុមមន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងចុះដោះស្រាយ និងសាកសួរព័ត៌មានបន្ថែមពីភាគីកម្មករនិយោជិត និងតំណាងរោងចក្រ ស៊ីន ហេង យី (ខេមបូឌា) អ៊ិនធើណេសិនណល ត្រេឌីង ឯ.ក បន្ទាប់ពីមានកម្មករនិយោជិតនាំគ្នាតវ៉ានៅក្នុងរោងចក្រ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានថ្លែងថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញរបស់ក្រសួងការងារ បានចុះទៅកាន់ទីតាំងរោងចក្រផ្ទាល់ ដើម្បីសាកសួរប្រមូលព័ត៌មាននិងសម្របសម្រួលដោះស្រាយជាមួយភាគីកម្មករនិយោជិត និងតំណាងរោងចក្រ ស្របតាមនីតិវិធីច្បាប់ការងារជាធរមាន។

លោក ស៊ុន មេសា បានបញ្ជាក់ថា៖ «បច្ចុប្បន្នមន្ត្រីជំនាញកំពុងបន្តប្រមូលព័ត៌មាន និងពិនិត្យលើសំណើរបស់ភាគីពាក់ព័ន្ធមុននឹងចាត់វិធានការ បន្តតាមនីតិវិធីច្បាប់។ ជារួមគឺយើងមិនដែលមើលរំលងបញ្ហារបស់បង ប្អូនកម្មករនិយោជិតនោះទេ មន្រ្តីជំនាញនឹងព្យាយាមដោះស្រាយបានឆាប់រហ័សឱ្យបានទាន់ ពេលវេលាដោយតម្កល់ប្រយោជន៍ជូនកម្មករស្របច្បាប់»។

លោកបានបន្ដថា ក្រសួងការងារ តែងតែយកចិត្តទុកដាក់លើការដោះស្រាយវិវាទការងារដោយឈរលើគោលការណ៍សន្ទនា ការគោរពច្បាប់ និងការការពារផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរកដំណោះស្រាយដែលអាចទទួលយកបាន។ ជាមួយគ្នានេះ អ្នកនាំពាក្យបានអំពាវនាវឱ្យកម្មករនិយោជិត និងភាគីពាក់ព័ន្ធ រក្សាភាពស្ងប់ស្ងាត់ និងសហការជាមួយមន្ត្រីជំនាញ ក្នុងការផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការដោះស្រាយប្រព្រឹត្តទៅដោយប្រសិទ្ធភាព និងស្របតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖