ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលភ្នំពេញបង្ក្រាបបទល្មើស ៥ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់ ក្នុងនោះ ៤នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលតាមបណ្តាខណ្ឌ បង្ក្រាបបទល្មើសបានចំនួន ៥ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុប ២២នាក់ ក្នុងនោះមាន ៤នាក់ ត្រូវបានរកឃើញមានសារធាតុញៀន គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំនួន៤ បង្ក្រាបករណីពាក់ព័ន្ធនឹងក្រុមក្មេងទំនើង និងនាំខ្លួនជនសង្ស័យមកបង្ហាញមុខជាសាធារណៈ។

តាមការបញ្ជាក់ពីសមត្ថកិច្ច កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបបាន ១ករណី ពាក់ព័ន្ធនឹងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយខុសច្បាប់ (ដាវកែច្នៃ និងដំបង) ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ដែលជាក្រុមក្មេងទំនើង «សាលាបុណ្យដីតូច (SLB DT)»។

ដោយឡែក នៅខណ្ឌទួលគោក បង្ក្រាបករណីលួចម៉ូតូបាន ១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរកឃើញមានសារធាតុញៀនម្នាក់។ នៅខណ្ឌឫស្សីកែវ បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបាន ១ករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរកឃើញមានសារធាតុញៀនទាំង ៣នាក់។

ចំណែកនៅខណ្ឌដង្កោ បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបាន ២ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុប ៧នាក់ ដែលពាក់ព័ន្ធនឹងក្រុមក្មេងទំនើង «សាលាបុណ្យដីតូច» ហៅកាត់ SLB DT និងក្រុម «ខ្លាំង JJT»។

បច្ចុប្បន្ន ជនសង្ស័យទាំង ២២នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋានកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖