ខ្សែប្រយុទ្ធឆ្នើម Lionel Messi នឹងចូលរួមការប្រកួតបាល់ទាត់កិត្តិយសលាគ្នារបស់អតីតមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីន Carlos Tevez នៅថ្ងៃទី២០ ខែធ្នូខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់អ្នករៀបចំព្រឹត្តិការណ៍។
Tevez ដែលមានរហស្សនាមថា «Apache» បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅឆ្នាំ២០២២ ដោយបញ្ចប់អាជីពដែលធ្លាប់ឆ្លងកាត់ក្លិបធំៗជាច្រើន រួមមាន Manchester City, Manchester United និង Juventus។
អតីតខ្សែប្រយុទ្ធវ័យ ៤២ ឆ្នាំរូបនេះ បានបញ្ចប់អាជីពរបស់ខ្លួននៅក្លិបដែលខ្លួនស្រឡាញ់តាំងពីកុមារភាព គឺ Boca Juniors។ កាលពីឆ្នាំមុន Tevez ធ្លាប់បានបង្ហាញបំណងចង់ឱ្យ Messi និងអតីតមិត្តរួមក្រុមរបស់ខ្លួននៅ Manchester United គឺ Cristiano Ronaldo ចូលរួមការប្រកួតនេះ ដោយស្ថិតនៅក្រុមម្ខាងម្នាក់។
អ្នករៀបចំកម្មវិធីបានបង្ហោះសារនៅលើ Instagram កាលពីថ្ងៃព្រហស្បតិ៍ថា៖ «វាពិតជាកិត្តិយសដ៏ធំធេងក្នុងការស្វាគមន៍កីឡាករល្អបំផុតនៅលើពិភពលោក មកចូលរួមក្នុងការប្រកួតលាគ្នាចុងក្រោយរបស់ Apache»។
ក្រៅពី Messi កីឡាករល្បីៗផ្សេងទៀតដែលបានបញ្ជាក់ថានឹងចូលរួមការប្រកួតនេះ រួមមាន Rio Ferdinand, Sergio Aguero, Leandro Paredes, Gianluigi Buffon និង Martin Palermo។
ការប្រកួតកិត្តិយសនេះនឹងរៀបចំឡើងនៅកីឡដ្ឋាន La Bombonera របស់ក្លិប Boca Juniors ក្នុងប្រទេសអាហ្សង់ទីន៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច