ព័ត៌មានទាន់ហេតុការណ៍៖

Man Utd, Liverpool និង Spurs រួមគ្នាប្រើក្រុមមេធាវីតែមួយ ដើម្បីប្តឹងទាមទារសំណងពី Man City

ចែករំលែក៖

ក្លិប Manchester United, Liverpool និង Tottenham Hotspur កំពុងប្រើប្រាស់សេវាកម្មក្រុមហ៊ុនមេធាវីតែមួយ ដើម្បីរៀបចំបណ្តឹងទាមទារសំណងពី Manchester City ជុំវិញការចោទប្រកាន់ថា បានរំលោភបំពានច្បាប់ហិរញ្ញវត្ថុរបស់ Premier League។ ទំហំសំណងអាចមានតម្លៃរាប់រយលានផោន។

ក្លិបទាំងបីបានជួលក្រុមហ៊ុនមេធាវី Wiggin ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដើម្បីរៀបចំសំណុំរឿង ខណៈ Arsenal ប្រើប្រាស់ក្រុមមេធាវីផ្ទាល់ខ្លួនគឺ HFS Kramer។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្លិបដែលប្រើសេវា Wiggin មានកិច្ចសហការមួយចំនួន ដោយប្រើអ្នកវិភាគដូចគ្នា ដើម្បីវាយតម្លៃការខាតបង់ដែលពួកគេអះអាងថាបណ្តាលមកពីការរំលោភច្បាប់ហិរញ្ញវត្ថុរបស់ Man City។ ទោះជាយ៉ាងណា ក្លិបនីមួយៗនឹងដាក់បណ្តឹងទាមទារសំណងដោយឡែកពីគ្នា។

Spurs អាចទាមទារសំណងច្រើនជាងគេ

ក្នុងចំណោមក្លិបទាំងបួន Tottenham ត្រូវបានគេរំពឹងថា អាចទាមទារសំណងច្រើនជាងគេ ដោយសារបានខកខានឱកាសឡើងទៅលេង Champions League ជំនួស Man City ចំនួន ៤ លើកក្នុងអំឡុងពេលដែលមានការចោទប្រកាន់។ ការធ្លាក់ទៅលេង Europa League ត្រូវបានប៉ាន់ប្រមាណថា បានធ្វើឱ្យក្លិបខាតបង់ប្រាក់ចំណូលជាង ១២០ លានផោន។

ចំណែក Manchester United និង Liverpool ធ្លាប់បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ តាមពីក្រោយ Man City ក្នុងរដូវកាលឆ្នាំ២០១២ និង២០១៤ រៀងគ្នា ដែលអាចធ្វើឱ្យពួកគេខាតបង់ប្រាក់រង្វាន់ ប្រាក់ចំណូលពាណិជ្ជកម្ម និងប្រាក់លើកទឹកចិត្តផ្សេងៗ។

សម្រាប់ Arsenal ក្លិបបានខកខានឱកាសឡើងទៅ Champions League នៅឆ្នាំ២០១៧ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ហើយបានអវត្តមានពីការប្រកួតកំពូលអឺរ៉ុបរយៈពេល ៦ រដូវកាលជាប់គ្នា ដែលអាចបង្កការខាតបង់រាប់រយលានផោន។

លើសពីនេះ Arsenal ក៏បានលក់កីឡាករសំខាន់ៗចំនួន ៥ រូបទៅឱ្យ Man City ក្នុងអំឡុងពេលដែលមានការចោទប្រកាន់ រួមមាន Kolo Touré, Gaël Clichy, Emmanuel Adebayor, Bacary Sagna និង Samir Nasri។ ក្លិបអាចទាមទារសំណងបន្ថែម ដោយលើកហេតុផលថា ការទិញកីឡាករទាំងនេះត្រូវបានគាំទ្រដោយមូលនិធិដែលទទួលបានពីការបំពានច្បាប់ហិរញ្ញវត្ថុ។

Man City បដិសេធការចោទប្រកាន់ និងប្តឹងឧទ្ធរណ៍

កាលពីខែកញ្ញា Premier League បានប្រកាសថា គណៈកម្មការឯករាជ្យបានរកឃើញថា Man City មានកំហុសលើការចោទប្រកាន់ភាគច្រើនក្នុងចំណោមការចោទប្រកាន់ជាង ១០០ ករណី។ គណៈកម្មការបានសម្រេចថា ក្លិបបានបំប៉ោងចំណូលរបស់ខ្លួនសិប្បនិម្មិតជាង ៩០០ លានផោន តាមរយៈកិច្ចសន្យាក្លែងក្លាយក្នុងអំឡុងឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨។

ក្លិបទាំងបួនបានបង្កើនសកម្មភាពផ្លូវច្បាប់ បន្ទាប់ពីការប្រកាសលទ្ធផលនេះ។ កន្លងមក ពួកគេក៏បានដាក់លិខិតជូនដំណឹងផ្លូវច្បាប់នៅខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរក្សាសិទ្ធិទាមទារសំណង និងជៀសវាងបញ្ហាផុតកំណត់រយៈពេលតាមច្បាប់។

ទោះជាយ៉ាងណា Chelsea មិនទាន់ត្រូវបានគេដឹងថា បានចាត់តាំងមេធាវីដើម្បីចាប់ផ្តើមបណ្តឹងទាមទារសំណងពី Man City នោះទេ។

ចំណែក Man City បានបដិសេធការប្រព្រឹត្តខុសតាំងពីពេលមានការចោទប្រកាន់ជិត ៤ ឆ្នាំមុន ហើយបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់គណៈកម្មការឯករាជ្យ។ សំណុំរឿងឧទ្ធរណ៍នេះនឹងត្រូវពិនិត្យដោយគណៈកម្មការថ្មីដែលមានសមាជិក ៣ រូប នៅខែក្រោយ។

ក្នុងសេចក្តីថ្លែងការណ៍ Man City បានអះអាងថា សេចក្តីសម្រេចរបស់គណៈកម្មការមាន «កំហុសសំខាន់ៗជាច្រើនទាក់ទងនឹងច្បាប់ គោលការណ៍ និងអង្គហេតុ» ហើយបានបញ្ជាក់ថា ក្លិបគ្មានទោសចំពោះការចោទប្រកាន់របស់ Premier League ឡើយ៕

ដោយ៖ ភារៈ


ចែករំលែក៖