ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីគណៈស្នងការ លោកនាយ-នាយរងការិយាល័យជំនាញ លោកអធិការ-អធិការរងនគរបាលក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ ឃុំ-សង្កាត់។
ក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យសរុប វិភាគ បានអានរបាយការណ៍ស្តីពីលទ្ធផលការងារដែលសម្រេចបានក្នុងខែវិច្ឆិកា ព្រមទាំងលើកឡើងនូវកត្តាចម្បងមួយចំនួន ដែលតម្រូវឱ្យបណ្តាអង្គភាពពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តវិធានការរួម ដើម្បីធានាប្រសិទ្ធភាពការងាររបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានមានមតិណែនាំឱ្យបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងការស្នាក់នៅ ការពង្រឹងកិច្ចសហការក្នុងការគ្រប់គ្រងសកម្មភាពក្មេងទំនើង និងក្មេងសិស្សសាលាដែលគេចម៉ោងសិក្សា ព្រមទាំងពង្រឹងការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការងារអនុវត្តដីកា ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី ស្វាយ វាសនា ស្នងការរងទទួលផែនការងារបង្ការ និងពន្លត់អគ្គិភ័យ បានសំណូមពរដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ បង្កើនការអប់រំ ផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋឱ្យបញ្ឈប់សកម្មភាពដុតព្រៃ ដុតដើម្បីយកឃ្មុំ ឬបរបាញ់សត្វព្រៃ ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ និងប៉ះពាល់ដល់ធនធានធម្មជាតិ។ ទន្ទឹមនឹងនេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការបង្ការគ្រោះអគ្គិភ័យឱ្យបានខ្ពស់ ខណៈរដូវប្រាំងនឹងឈានចូលមកដល់ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងការអនុវត្តការងារសង្គ្រោះបឋម និងអន្តរាគមន៍ក្នុងករណីមានអគ្គិភ័យកើតឡើង។
ក្រោយពីបានស្តាប់របាយការណ៍ និងមតិចូលរួមពីលោកស្នងការរងរួចមក លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បូកសរុប ដោយបានកោតសរសើរចំពោះបណ្តាអង្គភាព និងមន្ត្រីនគរបាលទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច និងសម្រេចបានលទ្ធផលការងារល្អប្រសើរ។ ទន្ទឹមនឹងនេះ លោកស្នងការបានណែនាំឱ្យបន្តខិតខំប្រឹងប្រែង ពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសបទល្មើសគ្រឿងញៀន ដោយត្រូវអនុវត្តតាមគោលការណ៍ និងបទបញ្ជារបស់ថ្នាក់ដឹកនាំឱ្យបានម៉ឺងម៉ាត់។
ជាមួយគ្នានេះ លោកស្នងការបានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួន រួមមាន៖
ត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងសីលធម៌វិជ្ជាជីវៈ ដាច់ខាតមិនត្រូវពាក់ព័ន្ធ មិនប៉ះពាល់ ឬទទួលផលប្រយោជន៍ និងភាគលាភពីបទល្មើសគ្រប់ប្រភេទឡើយ។
ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ និងបរិស្ថាននៅតាមអង្គភាពនីមួយៗ ឱ្យបានស្អាត មានរបៀបរៀបរយ និងសោភ័ណភាពល្អ។
ត្រូវពង្រឹង និងជំរុញការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ត្រូវបន្តពង្រឹងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ លោកឧត្តមសេនីយ៍ទោ ស ថេង បានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់អង្គភាព និងមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ បន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើនការទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ក្នុងខែធ្នូ និងបន្តទៅមុខទៀត។
បន្ថែមពីនេះ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ក៏បានប្រគល់ឯកសណ្ឋាននគរបាលចរាចរណ៍ ជូនដល់អធិការដ្ឋាននគរបាលក្រុង-ស្រុក ដើម្បីបន្តចាត់ចែងប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ ឃុំ-សង្កាត់ សម្រាប់ប្រើប្រាស់ក្នុងការបំពេញភារកិច្ចសម្របសម្រួលចរាចរណ៍ និងជួយសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំដែលធ្វើដំណើរឆ្លងកាត់ ឬបំពេញបេសកកម្មតាមមូលដ្ឋាន ឱ្យបានសមរម្យ មានរបៀបរៀបរយ និងស័ក្តិសមតាមក្រមសណ្ឋាននគរបាលជាតិ។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច