ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបត់ឆ្លងផ្លូវ ត្រូវម៉ូតូធុនធំបុក បណ្តាលឱ្យរងរបួសធ្ងន់ ២ នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស ២ នាក់ជិះម៉ូតូធុនធំមួយគ្រឿង មិនប្រយ័ត្នជ្រុលបុករថយន្តបត់ឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ទាំង ២ នាក់ ត្រូវបានកងសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខ ៧០ ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣៣ នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះទី១ មានឈ្មោះ រ៉ន រ៉េវ ភេទប្រុស អាយុ ២២ ឆ្នាំ រងរបួសក្បាល និងក មានអាសយដ្ឋាននៅភូមិមុខរាហ៍២ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ជនរងគ្រោះទី២ មានឈ្មោះ ស៊ីន ពិទូ ភេទប្រុស អាយុ ៣២ ឆ្នាំ រងរបួសផ្ទៃមុខ បែកក្បាល និងបាក់ភ្លៅខាងស្តាំ មានអាសយដ្ឋាននៅភូមិវត្តលៀប ឃុំចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តវីហ្គោមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែទាញចង្កូតបត់ឆ្វេង ភ្លាមនោះមានម៉ូតូធុនធំធ្វើដំណើរមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីចំហៀងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ២ នាក់ ចំណែកម៉ូតូ និងរថយន្តរងការខូចខាត។

ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាក់ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖