ភ្នំពេញ៖ ប្រធានសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា លោកបណ្ឌិត ហេង វុទ្ធី បានមានប្រសាសន៍ថា កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពលក្នុងតំបន់ ដោយផ្អែកលើសុខសន្តិភាព ស្ថិរភាពនយោបាយ និងគោលនយោបាយបើកចំហចំពោះការវិនិយោគ។ ក្នុងឱកាសនេះ លោកប្រធានសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម ក៏បានអំពាវនាវដល់អ្នកវិនិយោគអន្តរជាតិឱ្យបន្តស្វែងយល់ពីឱកាសធុរកិច្ច និងចូលរួមវិនិយោគនៅកម្ពុជា ដើម្បីបង្កើតភាពជាដៃគូ និងការរីកចម្រើនរួមគ្នាក្នុងរយៈពេលវែង។
ការបង្ហាញសក្តានុពលវិនិយោគកម្ពុជានេះ ត្រូវបានធ្វើឡើងក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦ ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកវិនិយោគជាង ១ ២០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
បើតាមប្រធានសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា លោកបណ្ឌិត ហេង វុទ្ធី បានឱ្យដឹងក្នុងវេទិកានេះថា អ្នកវិនិយោគជាង ១,២០០នាក់ មកពីបណ្តាប្រទេស និងតំបន់សេដ្ឋកិច្ចជឿនលឿនលើពិភពលោក រួមមាន សាធារណរដ្ឋប្រជាមានិតចិន (ហុងកុង និងតៃវ៉ាន់) ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េ និងសហភាពអឺរ៉ុប ជាដើម បានចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។
លោកបណ្ឌិតបន្តថា វេទិការនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍ និងការរីកចម្រើនលើវិស័យសក្តានុពលជាច្រើន រួមមាន ឧស្សាហកម្មផលិតកម្មកម្រិតខ្ពស់ កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ ភស្តុភារ និងមជ្ឈមណ្ឌលចែកចាយ ថាមពលស្អាត និងថាមពលកកើតឡើងវិញ សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងទេសចរណ៍គុណភាពខ្ពស់។ ការចូលរួមនេះត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សក្តានុពលប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែរឹងមាំទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។
លោកបណ្ឌិត បានមានប្រសាសន៍ថា៖ «ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តជំរុញការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីធានានូវបរិយាកាសវិនិយោគ ដែលមានភាពប្រកួតប្រជែងប្រកបដោយកាលានុវត្តភាព និងមានស្ថេរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចយ៉ាងរឹងមាំ ។ តាមរយៈវេទិកានេះ លោកសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់នឹងបានផ្លាស់ប្តូរទស្សនទានបទពិសោធន៍ និង ស្វែងរកឱកាសកិច្ចសហ ប្រតិបត្តិការថ្មីៗ ដើម្បីផ្លែផ្កាសេដ្ឋកិច្ចរួមគ្នា»។
បច្ចុប្បន្នកម្ពុជា កំពុងស្ថិតក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពនយា បាយដ៏រឹងមាំ រួមផ្សំជាមួយគោលនយោបាយ អភិវឌ្ឍនសេដ្ឋកិច្ចដ៏ប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា។ ភាពជាដៃគូ ការគាំទ្រយ៉ាងពេញទំហឹង ពីសហគមន៍អន្តរជាតិ និង ការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងសន្តិភាព បានផ្តល់នូវទំនុកចិត្តយ៉ាងខ្លាំង ដល់វិនិយោគិនបរទេសមកលើទីផ្សារកម្ពុជា៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច