ប្រទេសវៀតណាមបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ថា ខ្លួនកំពុងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការប្រកាសនេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋបាលប្រធានាធិបតី Donald Trump បានគំរាមដាក់ពន្ធគយថ្មី ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មនាំចេញសំខាន់ៗរបស់វៀតណាម រួមមាន សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិក។
វៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយនៅអាស៊ី និងមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកខ្ពស់ជាងដៃគូពាណិជ្ជកម្មផ្សេងទៀតទាំងអស់ កំពុងប្រឈមនឹងលទ្ធភាពរងអត្រាពន្ធរហូតដល់ ៣៥% ដោយសារតែបញ្ហាសមត្ថភាពផលិតកម្មឧស្សាហកម្មលើសតម្រូវការ។ អត្រានេះខ្ពស់ជាងប្រទេសដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទាបជាងតែប្រទេសចិនប៉ុណ្ណោះ ក្នុងចំណោមប្រទេសចំនួន ១៤ ដែលកំពុងស្ថិតក្រោមការពិនិត្យ។
ភ្លាមៗបន្ទាប់ពីការប្រកាសអំពីវិធានការពន្ធថ្មី ក្រសួងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ប្រទេសទាំងពីរកំពុងខិតខំសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ហើយវៀតណាមនឹងសហការជាមួយសហរដ្ឋអាមេរិកក្នុងការស៊ើបអង្កេតលើបញ្ហាសមត្ថភាពផលិតកម្មលើសតម្រូវការ។
វៀតណាមជាប្រទេសដែលមានមូលដ្ឋានផលិតកម្មនាំចេញធំៗរបស់ក្រុមហ៊ុនអន្តរជាតិជាច្រើន ដូចជា Samsung Electronics និង Apple។ ប្រទេសនេះបានចំណាយពេលជាងមួយឆ្នាំក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។
មន្ត្រីក្នុងវិស័យឧស្សាហកម្ម ដែលរំពឹងថាកិច្ចព្រមព្រៀងនឹងត្រូវសម្រេចនៅខែធ្នូ ខណៈមេដឹកនាំវៀតណាម លោក To Lam គ្រោងចូលរួមកិច្ចប្រជុំកំពូល G20 នៅរដ្ឋ Florida សហរដ្ឋអាមេរិក បានមើលឃើញថា ការគំរាមដំឡើងពន្ធថ្មីនេះអាចជាសម្ពាធជំរុញឱ្យភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងឆាប់រហ័ស។
លោក Bruno Jaspaert ប្រធានក្រុមហ៊ុន DEEP C Industrial Zones ដែលគ្រប់គ្រងបណ្តាញតំបន់ឧស្សាហកម្មនៅភាគខាងជើងប្រទេសវៀតណាម និងមានរោងចក្រផលិតសម្រាប់នាំចេញរបស់ក្រុមហ៊ុនអន្តរជាតិជាច្រើន បាននិយាយថា៖ «ខ្ញុំមិនបដិសេធលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះទេ»។
យោងតាមមន្ត្រីអាមេរិក កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាចសម្រេចបាននេះ អាចធ្វើឱ្យវៀតណាមត្រូវបង់ពន្ធគយក្នុងអត្រា ២០% ដែលខ្ពស់ជាងអត្រាពន្ធទូទៅបច្ចុប្បន្ន ១២,៥% និងខ្ពស់ជាងបន្តិចបើធៀបនឹងប្រទេសប្រកួតប្រជែងក្នុងតំបន់ ប៉ុន្តែទាបជាងឆ្ងាយពីអត្រា ៣៥% ដែលអាមេរិកកំពុងគំរាមដាក់។
វិធានការនេះអាចជួយឱ្យវៀតណាមរក្សាបាននូវអត្រាពន្ធទាបជាងប្រទេសចិនយ៉ាងច្រើន និងបន្តទាក់ទាញវិនិយោគិនបរទេសដែលកំពុងស្វែងរកមូលដ្ឋានផលិតកម្មជំនួសប្រទេសចិន នៅក្នុងតំបន់អាស៊ី។
វិស័យស្បែកជើង និងសម្លៀកបំពាក់ប្រឈមនឹងផលប៉ះពាល់ខ្លាំង
លោក Bruno Jaspaert បានបន្ថែមថា ភាពមិនច្បាស់លាស់អំពីពន្ធគយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អាចបានបង្កផលប៉ះពាល់ដល់វិស័យមួយចំនួនរួចទៅហើយ ដោយសារការបញ្ជាទិញធ្លាក់ចុះ និងក្រុមហ៊ុនមួយចំនួនបានផ្លាស់ប្តូរទីតាំងផលិតកម្មទៅប្រទេសផ្សេង។
លោកបានមានប្រសាសន៍ថា៖ «ឧស្សាហកម្មភាគច្រើនដែលប្រឈមនឹងហានិភ័យខ្ពស់បំផុត ប្រហែលជាបានរៀបចំផែនការ និងចាត់វិធានការបម្រុងទុករួចហើយ»។
លោក John Cambell ប្រធានផ្នែកសេវាកម្មឧស្សាហកម្មនៅវៀតណាមរបស់ក្រុមហ៊ុនអចលនទ្រព្យ Savills បានលើកឡើងថា ការគ្រោងដាក់ពន្ធថ្មីរបស់សហរដ្ឋអាមេរិកនឹងបង្កើនភាពមិនច្បាស់លាស់សម្រាប់ក្រុមហ៊ុនផលិតដែលផ្គត់ផ្គង់ទំនិញទៅកាន់ទីផ្សារអាមេរិក ហើយអាចធ្វើឱ្យការសម្រេចចិត្តលើប្រភពផ្គត់ផ្គង់ និងការពង្រីកអាជីវកម្មត្រូវពន្យារពេល។
លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុនផលិតសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង ដែលពឹងផ្អែកខ្លាំងលើទីផ្សារអាមេរិក នឹងងាយរងផលប៉ះពាល់ជាពិសេស ដោយសារការកើនឡើងនៃថ្លៃដើម និងសម្ពាធលើប្រាក់ចំណេញ»។
មន្ត្រីក្នុងឧស្សាហកម្មស្បែកជើងបានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីកំពុងទាក់ទាញការវិនិយោគថ្មីៗ ខណៈការពង្រីកអាជីវកម្មក្នុងវិស័យនេះនៅវៀតណាមបានជាប់គាំង។ វៀតណាមជាមូលដ្ឋានផលិតកម្មដ៏ធំរបស់ក្រុមហ៊ុនស្បែកជើងល្បីៗ ដូចជា Nike និង Adidas។
ជាមួយគ្នានេះ ប្រទេសដែលជាគូប្រកួតប្រជែងក្នុងវិស័យសម្លៀកបំពាក់ និងស្បែកជើង រួមមាន បង់ក្លាដែស កម្ពុជា និងឥណ្ឌូណេស៊ី បានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោនរួចហើយ ដោយទទួលបានអត្រាពន្ធគយ ១៨%។
វិស័យអេឡិចត្រូនិកប្រឈមនឹងបញ្ហាបន្ថែម
ក្រៅពីបញ្ហាពន្ធគយ វៀតណាមក៏កំពុងប្រឈមនឹងការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា ដែលមានកាលកំណត់បញ្ចប់នៅថ្ងៃទី២៨ ខែកុម្ភៈ។ ទីក្រុងវ៉ាស៊ីនតោនក៏បានចោទប្រកាន់វៀតណាមថា កំពុងដើរតួនាទីជាច្រកឆ្លងកាត់សម្រាប់ទំនិញចិន ដែលមានគោលដៅនាំចូលទៅកាន់សហរដ្ឋអាមេរិកផងដែរ។
ការចោទប្រកាន់នេះបានបង្កការព្រួយបារម្ភជាពិសេសចំពោះវិស័យអេឡិចត្រូនិករបស់វៀតណាម ដោយសារឧស្សាហកម្មនេះប្រើប្រាស់គ្រឿងបន្លាស់ដែលផលិតនៅប្រទេសចិនក្នុងបរិមាណច្រើន ដើម្បីដំឡើងឧបករណ៍ដូចជា កុំព្យូទ័រ ថេប្លេត និងម៉ាស៊ីនហ្គេម។
ក្រុមហ៊ុន Samsung និង Tesla ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលបានអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកកុំដំឡើងពន្ធលើទំនិញវៀតណាមដោយសារបញ្ហាកម្មសិទ្ធិបញ្ញា ដោយព្រមានថា វិធានការនេះអាចប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ។
មុនពេលសហរដ្ឋអាមេរិកប្រកាសអំពីពន្ធគយថ្មីត្រឹមតែប៉ុន្មានម៉ោង រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចមួយ ដោយប្តេជ្ញាដោះស្រាយបញ្ហានានាដែលត្រូវបានលើកឡើងក្នុងការស៊ើបអង្កេតពាណិជ្ជកម្មរបស់អាមេរិក។
ក្នុងនោះ វៀតណាមបានប្រកាសពីផែនការពិនិត្យឡើងវិញលើការពឹងផ្អែកលើវត្ថុធាតុដើម និងគ្រឿងបន្លាស់នាំចូល ព្រមទាំងជំរុញការអភិវឌ្ឍប្រភពផ្គត់ផ្គង់ក្នុងស្រុក និងបង្កើតមូលដ្ឋានទិន្នន័យសម្រាប់តាមដានខ្សែច្រវាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនផលិត។
រដ្ឋាភិបាលក៏បានប្តេជ្ញាបង្កើតយន្តការព្រមានជាមុន ដើម្បីគ្រប់គ្រងអតិរេកពាណិជ្ជកម្ម និងដោះស្រាយបញ្ហាដែលអាចកើតមានក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិផងដែរ៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច