ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានអនុវត្តរបបកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យតាមដានវឌ្ឍនាភាពការងារនូវសមិទ្ធផលសម្រេចបាន ពិភាក្សារកដំណោះស្រាយទៅលើបញ្ហាប្រឈមនានាប្រចាំវិច្ឆិកា ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់។ កិច្ចប្រជុំដឹកនាំដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ។

សម្រាប់ខែវិច្ឆិកានេះ តាមរយៈបទបង្ហាញរបាយការណ៍ដោយ លោក ជា ចំរុង ប្រធាននាយកដ្ឋានជំនាញ បានបញ្ជាក់ថាក្រសួងបានសម្រេចនូវសមិទ្ធផលសំខាន់ៗយ៉ាងច្រើន ទៅលើការអនុវត្តកិច្ចការងារស្នូលរបស់ក្រសួងដូចជាការគ្រប់គ្រងទិន្នន័យមន្រ្តី វត្តមានមន្រ្តី ឥណទានបៀវត្សមន្រ្តី និងការអភិវឌ្ឍសមត្ថភាពមន្រ្តីជាដើម។ ជាមួយគ្នានេះ សម្រាប់ការងារកែទម្រង់រដ្ឋបាលសាធារណៈទៅលើការអនុវត្តវិធានការគន្លឹះទាំង៣ គឺក្រសួងបានសម្រេចគោលដៅជាបន្តបន្ទាប់ទាំងការងារជ្រើសរើសនិងគ្រប់គ្រងមន្រ្តី ការពង្រឹងសមត្ថភាពស្ថាប័ន និងការងារអនុវត្តគម្រោងពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋសម្រាប់វិស័យអប់រំ និងសុខាភិបាល និងបានកំពុងបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់និងសកម្មជាទីបំផុត។

ផ្អែកលើផ្លែផ្កាសមិទ្ធផលដែលសម្រេចបាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់គួរជាទីមោទនៈ ចំពោះមន្រ្តីរាជការរបស់ក្រសួងគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានប្រឹងប្រែងយកកម្លាំងកាយចិត្តសម្រេចបានសមិទ្ធផលទាំងអស់នេះ។ ទន្ទឹមនេះ លោក ក៏បានស្នើការយកចិត្តទុកដាក់បន្ថែមទៅលើបញ្ហាប្រឈមចំពោះមុខនានា ទោះបីជាយើងសម្រេចបានសមិទ្ធផលជាច្រើន ប៉ុន្តែបញ្ហាប្រឈមក៏យើងមិនបង្អង់ក្នុងការដោះស្រាយឱ្យទាន់ពេលវេលានោះដែរ គឺទាមទារការពិគ្រោះយោបល់ឱ្យបានច្រើន និងការពិភាក្សាផ្លាស់ប្តូរគំនិតដើម្បីស្វែងរកចំណុចប្រសព្វនិងចូលរួមដោះស្រាយបញ្ហារួមគ្នា៕


ដោយ ៖ សិលា


ចែករំលែក៖