ភ្នំពេញ ៖ ថ្មីៗនេះ លោក នូ សុីថា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានមកកាន់តំណែងថ្មីជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាប នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា ជំនួស លោក កើត សុធារ៉ា ខណៈគាត់ឡើងកាន់តំណែង ជាអគ្គនាយករង អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ !
តាមរយៈពង្រឹងគុណភាពប្រមូលពន្ធជូនរដ្ឋ លើកទឹកចិត្តអ្នកវិនិយោគជាតិ អន្តរជាតិ ជាពិសេសរាល់ការនាំចេញ នាំចូលត្រូវអនុវត្តត្រឹមត្រូវ ដោយមិនធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ រំខានដល់ការដឹកជញ្ជូនរបស់ អ្នករកសុីដែលបានគោរពច្បាប់ អនុវត្តតាមគោលការណ៍ពិតប្រាកដ ដែលបង់ពន្ធត្រឹមត្រូវតាមយថាប្រភេទទំនិញ ។ ខណៈការប្រមូលពន្ធ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ ឱ្យប្រជាពលរដ្ឋវិញ តាមរូបភាពផ្សេងៗ ដូចជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការបម្រើសេវាសាធារណៈជាដើម។
ពន្ធដែលរាជរដ្ឋាភិបាលប្រមូលបានពីប្រជាពលរដ្ឋ គឺរដ្ឋបានចាត់ចែងចំណាយទៅលើកិច្ចការសាធារណៈ ដូចជាការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាលា ផ្លូវ ថ្នល់ ស្ពាន ការចំណាយទៅលើប្រាក់បៀវត្សមន្រ្តីរាជការ ដើម្បីបម្រើ និងផ្តល់សេវាសាធារណៈ ជូនមកដល់ប្រជាពលរដ្ឋវិញ។
ជាមួយគ្នានេះ បើទោះបីជារាជរដ្ឋាភិបាល ខិតខំ ក្នុងការប្រមូលពន្ធក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលក៏មានការគិតគូរ និងផ្តល់ការអនុគ្រោះ ទៅលើការប្រមូលពន្ធ ទៅដល់អ្នកវិនិយោគ និងអ្នកធុរកិច្ចផងដែរ ជាពិសេសក្នុងអំឡុងនៃការកើតមានវិបត្តិសេដ្ឋកិច្ច។
ដោយឡែក លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាប នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា ជាសេនាធិការដ៏សំខាន់ជួយកិច្ចការលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា ដើម្បីពង្រឹងមន្ត្រីគយ ថ្នាក់ដឹកនាំតាមតំបន់ឱ្យមានសុក្រិត្យភាពក្នុងការងារ លើកទឹកចិត្តអ្នកវិនិយោគទុនជាតិ អន្តរជាតិ ក្រុមហ៊ុន អ្នករកសុីបង់ពន្ធស្របច្បាប់ និងមានយន្តការបង្ក្រាបដាច់ខាតចំពោះឈ្មួញរកសុីគេចពន្ធ ដែលមានចេតនាទុច្ចរិតបំបាត់ពន្ធរដ្ឋ ។ សូមអបអរសាទរ លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាប ឡើងកាន់តំណែងថ្មី សង្ឃឹមថា លោកនឹងបង្ហាញពីសមត្ថភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា « យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ “ ដើម្បីកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា លើមធ្យោបាយចំណូលពន្ធជូនជាតិ ៕
ដោយ ៖ សិលា