ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេឈ្មួញ ចាន់ ម៉េងហាំង ល្បីខាងដឹកជញ្ជូនឈើក្នុងខេត្តក្រចេះ នៅតែគេចផុតពីសំណាញ់ច្បាប់

ចែករំលែក៖

ប្រភពពីសកម្មជនព្រៃឈើនៅក្នុងខេត្តក្រចេះបានឲ្យដឹងថា កន្លងទៅថ្មីៗនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះបានបង្ក្រាបទូកដឹកឈើមួយគ្រឿងរបស់មេឈ្មួញ ចាន់ ម៉េងហាំង ដែលជាប់កឿងនៅកណ្តាលទន្លេមេគង្គ ទល់មុខអន្លង់ផ្សោតកាំពីឃុំ​សំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ប៉ុន្តែមេឈ្មួញ ចាន់ ម៉េងហាំង ហៅច័ន្ទ នៅតែអាចគេចផុតពីវិធានការផ្លូវច្បាប់យ៉ាងសុខស្រួលដដែលគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះបានឲ្យដឹងថា ពីមុនមេឈ្មួញ ចាន់ ម៉េងហាំង ជាឈ្មួញល្បីល្បាញខាងដឹកជញ្ជូនឈើនៅក្នុងខេត្តស្ទឹងត្រែង ហើយបច្ចុប្បន្នឈ្មួញរូបនោះរស់នៅក្នុងភូមិអណ្តែងដូន សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។ សមត្ថកិច្ចពាក់ព័ន្ធបានបញ្ជាក់ថា ទូកដឹកឈើ១គ្រឿងដែលត្រូវសមត្ថកិច្ចបង្ក្រាបនោះគឺជារបស់មេឈ្មួញ ចាន់ ម៉េងហាំង ដែលដឹកឈើចេញពីតំបន់ព្រៃឡង់ស្រុកសំបូរ ខេត្តក្រចេះ ឆ្លងកាត់ស្រុកចិត្របុរី និងក្រុងក្រចេះ ចូលទៅខេត្តត្បូងឃ្មុំ។ ការបង្ក្រាបរបស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះ បានត្រឹមធ្វើឲ្យល្អមើល ព្រោះមេឈ្មួញ ចាន់ ម៉េងហាំង ដែលសមត្ថកិច្ចស្គាល់អត្តសញ្ញាណយ៉ាងច្បាស់នៅតែធ្វើអ្វីតាមអំពើ ចិត្តដដែល។ ប្រភពស្និទ្ធនឹងមេឈ្មួញ ចាន់ ម៉េងហាំង បានឲ្យដឹងថា ឈ្មួញម្នាក់នេះមានខ្នង បង្អែករឹងមាំហើយចេះបែងចែកផលប្រយោជន៍ដល់ក្រុមមន្ត្រីជំនាញ និងសមត្ថកិច្ចពុករលួយទើបអាចគេចផុតពីវិធានការផ្លូវច្បាប់យ៉ាងសុខស្រួល។ ជាការណ៍ពិតកាល​ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបានតែទូក និងឈើជាវត្ថុតាង ហើយមេឈ្មួញ ចាន់ ម៉េងហាំង មិនត្រូវបានសមត្ថកិច្ចចាត់វិធានការតាមច្បាប់នោះទេ។ ផ្ទុយទៅវិញមួយរយៈចុងក្រោយនេះមេឈ្មួញ ចាន់ ម៉េងហាំង ដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃឡង់ខេត្តក្រចេះ ទាំងតាមផ្លូវទឹកនិងផ្លូវគោក ចូលទៅខេត្តត្បូងឃ្មុំនិងខេត្តផ្សេងៗទៀតតាមអំពើចិត្ត៕

 


ចែករំលែក៖