ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកភ្នំស្រុកឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទគាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷នគរបាលស្រុកភ្នំស្រុកក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះដែលបាត់បង់ទ្រព្យសម្បត្តិរួចមក  បានធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមវិធានការជំនាញឈានដល់ការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន២នាក់ វេលាម៉ោង២ រសៀលថ្ងៃទី ២៦ ខែវិច្ចិកា ឆ្នាំ២០២៦ ពីបទគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិអ្នកដទៃនៅចំណុចភូមិស្វាយស ឃុំពន្លៃ  ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានករណីគាស់ទម្លុះទម្លាយឃ្លាំងលក់គ្រឿងសំណង់យកទ្រព្យ សម្បត្តិក្នុងបន្ទប់ដេកនិងបណ្ដឹងរបស់ជនរងគ្រោះឈ្មោះឆម បណ្ឌិត ភេទប្រុស អាយុ២៦ឆ្មាំ នៅភូមិស្វាយស ឃុំពន្លៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលជំនាញនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួន មុខសញ្ញាជនសង្ស័យចំនួន២នាក់ ÷

១/ឈ្មោះ ឈូ លីត ហៅ ប្រុស ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក  ២/ឈ្មោះ ហិញ សៀវមិញ ហៅ ព្រលឹត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក និងធ្វើតេស្តរកសារធាតុញៀនវិជ្ជមាន(+)ទាំង២នាក់។

លោកអធិការបានបញ្ជាក់ថា ក្រោយឃាត់ខ្លួននិងសាក សួរចម្លើយ ជនសង្ស័យទាំង២នាក់ បានសារភាពថាពួកគេពិតជាបានឡើងដំបូលឃ្លាំងលក់គ្រឿង សំណង់យកកន្ត្រៃកាត់ស័ង្កសីនិងគាស់បដានយកបាន÷ ១-ប្រាក់ខ្មែរចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) ២-កុំព្យូទ័រម៉ាកASUS ពណ៌ទឹកប្រាក់ចំនួន ១គ្រឿង, ៣-ទូរស័ព្ទដៃម៉ាកTECLASTពណ៌ខៀវ ចំនួន ១គ្រឿង ពិតប្រាកដមែន។ លុយដែលគេលួចបានយកទៅចាយវាយអស់ ។

លោកអធិការបានបញ្ជាក់បន្ថែមថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យនិងបណ្ដឹងរបស់ជនរងគ្រោះ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកកំពង់រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តនីតិវិធីបន្ត៕

ដោយ៖ សូរិយា


ចែករំលែក៖