ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីជាមួយគ្នាទាស់ពាក្យសម្ដីធ្វើឲ្យយុវជនម្នាក់ យកកាបិតចាក់ទៅលើយុវជនម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ យកកាំបិតចុងស្រួចចាក់ទៅលើដើមទ្រូងយុវជនម្នាក់ទៀត បណ្ដាលឲ្យរបួសធ្ងន់ បន្ទាប់ពីផឹកស៊ីជាមួយគ្នាទាស់ពាក្យសម្ដី ក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ណាង សុខនី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ (គេចខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ វល្ល៍ មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (របួសមុតទ្រូងខាងស្ដាំ១កន្លែង) ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះ និងជនសង្ស័យបានផឹកស្រាជាមួយគ្នានៅមុខរោងលក់ទូរស័ព្ទរបស់ឈ្មោះ ជូរ សុខនោ  នៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ហើយក៏មានទំនាស់ពាក្យសម្ដីជាមួយគ្នា  បន្ទាប់មកជនសង្ស័យ បានយកកាំបិតចុងស្រួច មកចាក់ទៅលើជនរងគ្រោះត្រូវចំទ្រូងខាងស្ដាំចំនួន១កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ពេលនោះជនរងគ្រោះបានស្រែកឲ្យគេជួយ ភ្លាមនោះឈ្មោះ ជូរ សុខនោ បានយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុក ហើយមន្ទីរពេទ្យបង្អែកស្រុកបានបញ្ជូនទៅសង្រ្គោះបន្ដនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ។ ចំណែកជនដៃដល់ បន្ទាប់ពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង
ករណីនេះកម្លាំងជំនាញ កសាងសំណុំរឿង និងបន្តស្វែងរកចាប់ជនសង្ស័យខាងលើ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕


ចែករំលែក៖