ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរប្រមាណ២០ម៉ឺននាក់ បានដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ នាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ ភ្ញៀវទេសចរប្រមាណ២០ម៉ឺននាក់ បានដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ នាថ្ងៃទី២ នៃថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ពិសេសបំផុតនោះ នៅម៉ោង ២៤:០០ យប់ ថ្ងៃទី២៤ ខែវិច្ឆិកានេះ ក៏មានអុជកាំជ្រួចអបអរសាទរពិធីសំពះព្រះខែ និងអកអំបុកផងដែរ ដែលប្រជាជនខ្មែររៀបចំប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនៅពេលរាត្រី។

ទិដ្ឋភាពថ្ងៃទី២ នាឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក តាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ រួមមានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្ត ព្រមទាំងទស្សនានូវទស្សនីយភាពនានា រួមមានរបាំ និងសិល្បៈប្រពៃណីខ្មែរជាច្រើនសម្បូរបែប រួមទាំងភ្លក់រសជាតិម្ហូបអាហារជាច្រើនមុខផងដែរ។ នេះបើតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បន្ថែមថា ភ្ញៀវទេសចរថ្ងៃទី២ គឺជាថ្ងៃទី២៤ វិច្ឆិកា មានភ្ញៀវជាតិប្រហែល ២០ម៉ឺននាក់ និងភ្ញៀវបរទេសប្រមាណ ៥ពាន់នាក់។

លោកស្រីបានឱ្យដឹងដែរថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃអុំទូកទី១ កាលពីម្សិលមិញ មានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខប្រមាណ ១៥៩.០០០នាក់ ក្នុងនោះបរទេសចំនួន ៤.០០០នាក់៕

ដោយ៖តារា


ចែករំលែក៖