ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដើម្បីអបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ និងជាការចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលលើការងារសប្បុរសធម៌ដោយ គ.ស.ម.ក. បានរៀបចំព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” ដែលមានអ្នកចូលរួមចម្រុះជាតិសាសន៍ចំនួនប្រមាណជាង ១.០០០ នាក់
ធ្វើឡើងវង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀង ។
ក្នុងឪកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា ដោយបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដែលបានរួម បញ្ចូលគ្នានូវ កីឡា សុខភាព សាមគ្គីភាព ភាពសប្បុរស និងការលើកកម្ពស់សិទ្ធិមនុស្ស។ សម្តេចកិត្តិសង្គហ បណ្ឌិត ក ម៉ែន សំអន បានគូសបញ្ជាក់ថា ស្មារតី «រត់ដើម្បីសុខភាព សាមគ្គីភាព និងសប្បុរសធម៌» គឺជាតម្លៃដ៏ ប្រពៃ ដែលស្តែងចេញពីវប្បធម៌នៃការចែករំលែក និងជាសាររម្លឹកថា ក្រោមដំបូលនៃសុខសន្តិភាព ពលរដ្ឋគ្រប់រូប សុទ្ធតែមានសិទ្ធិសេរីភាពពេញលេញ និងស្មើភាពគ្នាក្នុងការធ្វើឱ្យសម្រេចគោលដៅជីវិត។
សូមរំលឹកផងដែរថា ព្រឹត្តិការណ៍នេះ ជាឱកាសដ៏អស្ចារ្យ និងសំខាន់សម្រាប់បងប្អូនសាធារណជនទាំងជាតិ និងអន្តរជាតិ មកចូលរួមលេងកីឡាដើម្បីពង្រឹងសុខភាព បង្កើតបរិយាកាសរីករាយ និងជាការរួមចំណែកលើក ស្ទួយវិស័យទេសចរណ៍ក្នុងខេត្តស្វាយរៀង ព្រមទាំងបានធ្វើការងារសប្បុរសធម៌ជួយដល់សង្គមជាមួយគ្នាផងដែរ។ ថវិកាដែលទទួលបានពីការចុះឈ្មោះចូលរួម និងថវិកាឧបត្ថម្ភផ្សេងៗសម្រាប់ព្រឹត្តិការណ៍នេះ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា នឹងផ្តល់ជាការឧបត្ថម្ភគាំទ្រជូនដល់អង្គការមនុស្សចាស់ អង្គការកុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច