ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានលើកឡើងថា លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដែលមាន ខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសាង ភាពល្បីល្បាញខាងពុករលួយយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ករណីលោក គង់ សុភាព ប្រធាន ស្ថានីយជញ្ជីងថឹ្លងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើននោះ គឺមានការឃុបឃិតបើកដៃពីសំណាក់លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ផងដែរ។ ប្រសិនបើគ្មានការសម្របសម្រួលពីលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ទេនោះគឺ លោក គង់ សុភាព មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួននោះទេ។ ថ្មីៗកន្លងទៅនេះក្រុមអាជីវករដឹកជញ្ជូនទំនិញ និងកសិផលឆ្លងកាត់ស្ថានីយជញ្ជីង ថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ បានប្រមូលផ្តុំគ្នាទាំងយប់ធ្វើឲ្យកកស្ទះរថយន្តធុនធំរាប់រយគ្រឿងដើម្បីប្រឆាំងនឹងអំពើពុករលួយរបស់លោក គង់ សុភាព ដែលជាប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង។ ក្រុមអាជីវករបានបញ្ជាក់ថា នៅពេលពួកគាត់ដឹកទំនិញឬកសិផលផ្ទុកលើសទម្ងន់ត្រឹម១តោនដល់៥តោន ត្រូវលោក គង់ សុភាព តម្រូវឲ្យបង់លុយ៣ម៉ឺនរៀល រីឯរថយន្តផ្ទុកមិនលើសទម្ងន់ក៏លោក គង់ សុភាព តម្រូវឲ្យបង់លុយ២ម៉ឺនរៀលដែរ មិនអាចតវ៉ាបានឡើយ។ ជាងនេះទៅទៀតលោក គង់ សុភាព តែងប្រើឈ្មោះលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងងងើលដោយគ្មានសេចក្តីអៀនខ្មាស បន្តិចណាទេ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗរថយន្តធុនធំផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់បើកបរឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ រាប់រយគ្រឿង ដូច្នេះលោក គង់ សុភាព និងបក្ខពួកប្រមូលលុយតាមរបៀបពុករលួយបានមិនតិចឡើយ។ ទង្វើបែបនេះ លោក ស៊ុន ចាន់ថុល រដ្ឋ មន្ត្រីក្រសួងសាធារណការ មិនគួរបណ្តោយឲ្យលោក គី ដាណារិទ្ធ ប្រធានមន្ទីរ សាធារណការខេត្ត ត្បូងឃ្មុំ និងមន្ត្រីក្រោមឱវាទឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ យ៉ាងគឃ្លើនតទៅទៀតឡើយ។ ដោយហេតុថា ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ និងលោក គង់ សុភាព ប្រធានស្ថានីយជញ្ជីង ថ្លឹងរថយន្តថ្នល់ទទឹង ស្រុកត្បូងឃ្មុំ ត្រូវបានលាតត្រដាងយ៉ាងច្បាស់រួចទៅហើយ៕