ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំសាងសង់សួនច្បារ និងរូបសំណាក «ទេពឧកញ៉ា ឃ្លាំង មឿង ដឹកនាំទ័ពចេញច្បាំងការពារទឹកដី» ដើម្បីលើកកម្ពស់តម្លៃប្រវត្តិសាស្ត្រ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់គម្រោងសាងសង់សួនច្បារ និងរូបសំណាក «ទេពឧកញ៉ា ឃ្លាំង មឿង ដឹកនាំទ័ពចេញច្បាំងការពារទឹកដី» ដែលមានទីតាំងស្ថិតនៅជិតបូជនីយដ្ឋានប្រវត្តិសាស្ត្រទេពឧកញ៉ា ឃ្លាំង មឿង ក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ការចុះពិនិត្យទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំ លើកកម្ពស់សោភ័ណភាព និងរៀបចំប្លង់ស្ថាបត្យកម្មឱ្យមានភាពស្រស់ស្អាត សមរម្យទៅតាមរចនាបថខ្មែរ និងសមស្របទៅនឹងតម្លៃប្រវត្តិសាស្ត្រនៃការលះបង់ដ៏ថ្លៃថ្លារបស់វីរបុរសជាតិ។ ការបង្កើតសួនច្បារ និងរូបសំណាកថ្មីនេះ មិនត្រឹមតែជាការសម្តែងនូវកតញ្ញូកតវេទិតាធម៌ចំពោះបុព្វបុរសជាតិ ដែលបានពលីជីវិតដើម្បីការពារទឹកដីមាតុភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតនូវសមិទ្ធផលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្ត និងសិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រក្នុងខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោក ខូយ រីដា បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ខ្ពស់លើការសិក្សាប្លង់សាងសង់ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញ ព្រមទាំងការដាំដើមឈើ និងផ្កាលម្អ ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមស្តង់ដារបច្ចេកទេស និងធានាឱ្យបាននូវភាពធន់ រឹងមាំ និងមានសោភ័ណភាពទាក់ទាញ ដើម្បើតម្កល់ទុកជាសម្បត្តិវប្បធម៌ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ៕


ប្រភព ៖ រដ្ឋបាលខេត្តពោធិ៍សាត់


ចែករំលែក៖