ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង៧នាក់គប់កញ្ចក់រថយន្តត្រូវនគរបាលក្របួចជាប់

ចែករំលែក៖

    ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួលចាប់ខ្លួនក្រុមក្មេងទំនើង៧នាក់ បន្ទាប់ពីធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរខូចខាតមួយផ្ទាំងខាងមុខ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១និង៥០នាទីរំលងអធ្រាត្រ​ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្រ្តីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ សុខគា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យ ០៧នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ១-ឈ្មោះ ណាក់ វណ្ណនី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ,២-ឈ្មោះ ព្រុំ ចាន់ ហៅតាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ,៣-ឈ្មោះ យ៉េង លីថូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល , ៤-ឈ្មោះ ឡឹម ចំរើន ហៅស្វិត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល , ៥-ឈ្មោះ ម៉ុន វត្តនី ហៅម៉ូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល , ៦-ឈ្មោះ សុំ សំណាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល , ៧-ឈ្មោះ នៅ ច័ន្ទរិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ វត្ថុតាងចាប់យក ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ 1KK-6402 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ,ដុំថ្មចំនួន០៣ដុំ ។ ផលប៉ះពាល់៖ ជនរងគ្រោះបែកកញ្ចក់ឡានបែនផ្នែកខាងមុខ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តប្រភេទបែនដឹកដីចេញពីរង្វង់មូលចោមចៅឆ្ពោះទៅផ្ទះរបស់ខ្លួននៅភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល។ ពេលជិះដល់ស្ថានីយប្រេងសាំង PTT ខាងកើតផ្សារបែកចាន ជនរងគ្រោះបានចូលទិញទឹកហូបនៅក្នុងម៉ាត ហើយពេលនោះក៏ជួបជាមួយមិត្តភក្ដិម្នាក់ដែលរស់នៅផ្ទះក្បែរគ្នា និងបាននាំគ្នាជិះចេញទៅផ្ទះជាមួយគ្នា ដោយជនរងគ្រោះបើករថយន្តពីក្រោយម៉ូតូរបស់មិត្តភក្តិខ្លួន។ ពេលជិះដល់ចំណុចកើតហេតុ ស្រាប់តែឃើញក្រុមជនសង្ស័យជិះម៉ូតូបួនគ្រឿងឈប់នៅលើផ្លូវ ហើយជនរងគ្រោះបានបើករថយន្ដហួសទៅមុន ពេលនោះជនរងគ្រោះបានមើលតាមកញ្ចក់រថយន្ដឃើញម៉ូតូរបស់មិត្ដភក្ដិខ្លួនបកទៅក្រោយវិញ ហើយក្រុមម៉ូតូជនសង្ស័យជិះតាមពីក្រោយ ។ ឃើញដូចនោះជនរងគ្រោះក៏បត់រថយន្ដតាមវិញ ហើយឃើញក្រុមជនសង្ស័យកំពុងរើសដុំថ្មគប់សំដៅទៅមិត្តភក្ដិរបស់ខ្លួន បន្ទាប់មកក៏គប់ដុំថ្មមកលើរថយន្ដរបស់ខ្លួនបណ្ដាលឲ្យបែកកញ្ចក់ខាងមុខមួយផ្ទាំង ។ ពេលនោះរូបខ្លួនបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ហេីយរូបខ្លួនបានឃាត់ខ្លួនជនសង្ស័យបានមួយនាក់ និងម៉ូតូមួយគ្រឿង។ បន្ទាប់មកកម្លាំងប៉ុស្ដិ៍បែកចាន និងផ្នែកជំនាញស្រុកបានទៅដល់កន្លែងកើតហេតុហើយបាននាំជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំបន្តតាមនីតិវិធី។ លុះព្រឹកឡើងថ្ងៃ ខែ ឆ្នាំ ដដែល វេលាម៉ោង១១ និង៤០នាទី ជនសង្ស័យ៦នាក់ទៀតបាននាំគ្នាចូលមកឆ្លើយសារភាពនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលតែម្ដង។

នៅចំពោះមុខសមត្ថកិច្ចបក្ខពួកជនសង្ស័យទាំង៧នាក់បានឆ្លើយសារភាពថា បក្ខពួកខ្លួនពិតជាបានយកដុំថ្មគប់បណ្ដាលឲ្យបែកកញ្ចក់រថយន្តរបស់ជនរងគ្រោះប្រាកដមែន។

ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕ 

ដោយ៖ ស្អាងជ័យ


ចែករំលែក៖