ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការអនុវត្ដវាតែងមានការឆក់ល្វែង សារព័ត៌មានក៏ដូចគ្នាដែរ បងប្អូនតែងមានការឆក់ល្វែង … បើខុស ត្រូវហ៊ានទទួលខុសត្រូវ ក្នុងការកែសម្រួល»។ 

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាព សារព័ត៌មានពិភពលោក នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ម្សិលមុញ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងថា ៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល បើផ្សាយខុសហើយ មិនព្រមកែសម្រួលនោះ បានន័យថា អ្នកសារព័ត៌មាននោះ មានចេតនាអ្វីមួយ ដែលមិនសុចរិត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មាន ដែលមិនគ្រប់ជ្រុងជ្រោយ ហើយគ្មានការទទួលខុសត្រូវ ហើយនឹងការផ្សាយព័ត៌មាន ដែលមិនគ្រប់ជ្រុងជ្រោយ តែមានការទទួលខុសត្រូវ គឺមានភាពខុសគ្នា «បើខុសត្រូវចេះកែសម្រួល»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «បើខុសមិនកែសម្រួល បានន័យថា យើងមានចេតនាអ្វីមួយ ដែលមិនសុចរិត»។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សារព័ត៌មានអាចមានឥទ្ធិពលទៅបាន ទាមទារឲ្យមានការផ្តល់តម្លៃ និងគាំទ្រពីប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឲ្យសារព័ត៌មាន មានឥទ្ធិពលត្រូវមានសុចរិត សុក្រឹត្យ និងការទទួលខុសត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល មិនត្រូវការតែព័ត៌មានវិជ្ជមាននោះទេ ព័ត៌មានអវិជ្ជមាន ក៏រាជរដ្ឋាភិបាលត្រូវការដែរ តែត្រូវមានក្រមសីលធម៌។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសំណូមពរបងប្អូនផង នៅក្នុងតួនាទីជាអ្នកសារព័ត៌មាន ទោះបីជាមានអាជ្ញាប័ណ្ណ ឫមិនមានអាជ្ញាប័ណ្ណ ជាឆន្ទៈរបស់យើង យើងចង់ផ្តល់ព័ត៌មានពិតប្រាកដឱ្យអ្នកមើលឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែលទ្ធភាពពេលវេលាខ្លះយើងអត់មាន យើងបានមួយជ្រុង ប៉ុន្តែខ្ញុំសុំដើរតួជាអ្នកព័ត៌មាន ប៉ុន្តែកុំដើរតួរជាអ្នកធ្វើតុលាការ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើយើងបានដឹងពីព័ត៌មានមួយជ្រុងហើយ ព្យាយាមទៅរកព័ត៌មានមួយជ្រុងទៀតមកផ្គុំគ្នាឱ្យបានគ្រប់គ្រុងជ្រោយ ហើយសូមកុំធ្វើការវិនិច្ឆ័យមុន ត្រូវខិតខំព្យាយាមរកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ ការស្រាវជ្រាវឱ្យបានគ្រប់ទម្រង់ និងគ្រប់ជ្រុងជ្រោយនេះ សូមលើកទឹកចិត្តគឺផ្សាយមិនមែនកាន់ជើងអ្នកណាទេ គឺផ្សាយក្នុងនាមឆន្ទៈរបស់យើងជាអ្នកអព្យាក្រិត ជាអ្នកប្រមូលព័ត៍មានឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីផ្សព្វផ្សាយ៕

ដោយ ៖ សិលា


ចែករំលែក៖