ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកវាលវែង បានឃាត់ខ្លួនជនសង្ស័យដៃដល់យ៉ាងឃោរឃៅម្នាក់ ក្រោយចាក់សម្លាប់បុរសស្រវឹងខួបម្នាក់ទាំងកណ្ដាលអធ្រាត្រ ខណៈគាត់កំពុងដេកលង់លក់ក្នុងអង្រឹងក្រោមផ្ទះ ដែលករណីនេះគេសង្ស័យថាអាចផ្ដើមចេញពីភ្លើងប្រចណ្ឌ ។
ហេតុការណ៍ឃាតកម្មចាក់សម្លាប់មនុស្សយ៉ាងឃោរឃៅនេះបានកើតឡើងនៅវេលាពាក់កណ្ដាលអធ្រាត្រថ្ងៃសុក្រ ១០រោច ខែចេត្រ ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចក្រោមផ្ទះជនរងគ្រោះជាប់ផ្ទះឪពុកក្មេកជនសង្ស័យ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ យ៉ាង សុគុណ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នមានទីលំនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនរងគ្រោះ(យ៉ាង សុគុណ)មានស្នាមរបួសចំនួន០៣កន្លែង ទី១-ទ្រូងខាងឆ្វេង ទី២-ចិញ្ចើមខាងស្ដាំ និងទី៣-ថ្ងាសខាងស្ដាំ ។
លោកឧត្ដមសេនីយ៍ត្រីបញ្ជាក់ទៀតថា ជនសង្ស័យដៃដល់ឈ្មោះ មិន ឈាន ហៅមាន ឈាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំកើតហេតុជាមួយគ្នា ។ ជនសង្ស័យបានឆ្លើយសាភាពមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រិត្តមែន។ ក្នុងនោះ សមត្ថកិច្ចរកឃើញវត្ថុតាង កន្រ្តៃ០១ ។
បើតាមការបញ្ជាក់ពីលោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានបញ្ជាក់ប្រាប់នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះតាមរយៈទូរស័ព្ទថា មូលហេតុ អាចផ្ដើមចេញពីភ្លើងប្រចណ្ឌ ព្រោះកាលពីម្សិលមិញជនរងគ្រោះ(យ៉ាង សុគុណ និងជនសង្ស័យដៃដល់មិន ឈាន ហៅមាន ឈាន)បានហូបចុក(ផឹកស៊ី)ជុំគ្នា ខណៈនោះជនសង្ស័យ(មិន ឈាន ហៅមាន ឈាន)បានខលវីដេអូទៅប្រពន្ធខ្លួននៅឯខេត្តព្រះសីហនុ ស្របគ្នានោះក៏បាននិយាយលេងជាមួយជនរងគ្រោះដែរ ប៉ុន្តែជនរងគ្រោះ(យ៉ាង សុគុណ)បានធ្វើឱ្យជនសង្ស័យដៃដល់(មិន ឈាន)អាក់អន់ចិត្ត និងប៉ះទង្គិចពាកសម្ដីគ្នាត្រង់ចំណុច ជនរងគ្រោះ(សុគុណ)បានថើបប្រពន្ធជនសង្ស័យក្នុងទូរស័ព្ទដែលកំពុងខលវីដេអូ លុះនៅវេលាខាងលើជនសង្ស័យដៃដល់បានធ្វើសកម្មភាពដោយយកកន្រ្តៃជាអាវុធដូចបានរៀបរាប់ខាងលើ ខណៈនោះអ្នកក្បែរខាងបានឮសំឡេងជនរងគ្រោះស្រែកថាអាឈានចាក់អញ អាឈានចាក់អញ៕
ដោយ៖ ប៉ឹម ពិន