ខេត្តសៀមរាប ៖ មនុស្ស២នាក់ប្តីប្រពន្ធបានស្លាប់ ចំណែក៣នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញបើកបរល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។
សមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងរថយន្ត កូរ៉េម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-3413 បើកបរដោយឈ្មោះ ឆែម សាន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់) និងមានអ្នករួមដំណើរជាមួយ ៤នាក់ទៀត ទី១.ឈ្មោះ ញឹប ស្រីស្រស់ ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់) ទី២.ឈ្មោះ ណន សម្បត្តិ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា រងរបួសស្រាល ។ ទី៣ ឈ្មោះ ផុន យិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រងរបួសស្រាល ។ ទី៤ ឈ្មោះ សុខ សល់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រងរបួសស្រាល ។
ចំណែកភាគីខាងរថយន្តកុងតឺន័រម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3551 អ្នកបើកបរចុះគេចខ្លួនបាត់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកទំនិញបើកយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រដែលបើកស្របទិសគ្នា បណ្តាលឱ្យខ្ទេចកាប៊ីន ស្លាប់២នាក់ប្តីប្រពន្ធ និងអ្នករួមដំណើររងរបួសស្រាល៣នាក់ ។
បន្ទាប់ពីកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកជីក្រែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕
ដោយ៖ ជ្រោយពេជ្រ