ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនួញដ៏ល្បីរបស់អង់គ្លេស​ ភ្ញាក់ផ្អើលក្រោយមកដល់កម្ពុជា ហើយរំពឹងកាន់តែភ្ញាក់ផ្អើល ពេល​ទស្សន​កិច្ច​នៅ​លើទឹកដីអង្គរ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រធានស្ថាប័ន Legends Tour​ និងជាអ្នកជំនួញដ៏ល្បីរបស់អង់គ្លេស លោក Ryan Howsam បានសម្ដែង​ការភ្ញាក់ផ្អើល បន្ទាប់ពីមកដល់កម្ពុជា ហើយរំពឹងកាន់តែភ្ញាក់ផ្អើលថែមទៀត បន្ទាប់ពី​ធ្វើ​ដំណើរ​ទស្សនា​កិច្ចលើទឹកដីអង្គរ នាដើមសប្ដាហ៍ក្រោយ។

សូមជម្រាបជូនថា​ គណៈប្រតិភូកីឡា Legends Tour ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល ក្រោម​អធិបតី​ភាព​លោក​សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវិមានសន្ដិភាព កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា សម្រាប់​ការ​ចូល​រួម​ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ឆ្នាំ២០២៦។

ដំណើរមកចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ លោក Ryan Howsam បានបង្ហាញ​ការភ្ញាក់​ផ្អើល​ខ្លាំង បន្ទាប់ពីចុះដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលមានរចនា​សម្ព័ន្ធ​ស្ដង់​ដារ​ដ៏​អស្ចារ្យ ជាមួយសម្រស់រាជធានីភ្នំពេញដ៏ល្អ បន្ថែមលើការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន វឌ្ឍនៈ ហើយលោកក៏កំពុង​ទន្ទឹង​រង់​ចាំ​ទទួល​ការ​ភ្ញាក់​ផ្អើល​បន្ថែមទៀត ពេលទៅទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីនាំយកទិដ្ឋភាព​ទាំង​អស់​នោះ​ទៅ​ផ្សព្វ​ផ្សាយបន្ដ ។ មិនតែប៉ុណ្ណោះ លោកក៏សង្ឃឹមថា កិច្ចសហការដ៏ល្អនេះ នឹងមានជា​បន្ដ​បន្ទាប់​ទៀត​ទៅថ្ងៃអនាគត។

គួរដឹងថា ក្រោយពិធីបើកផ្លូវការ និង​ការ​ជួប​សម្ដែង​ការ​គួរសម​ពី​តំណាង​ដ៏​ខ្ពង់​ខ្ពស់របស់​សម្ដេចធិបតី​នាយករដ្ឋមន្ដ្រី ការប្រកួតពានរង្វាន់ទី១ គឺពានរង្វាន់ Vattanac Legends Championship លើកទី២ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានកីឡាករលំដាប់កំពូលចំនួន ៧៩នាក់ មកពី ២២ប្រទេសចូលរួម ដើម្បីដណ្ដើមពាន អមប្រាក់រង្វាន់ជាង ៦០ម៉ឺនដុល្លារ មុនបន្ដការប្រកួតពានរង្វាន់ទី២ គឺ Vattanac Tour Championship 2026 ដែលប្រជុំដោយកីឡាករមានចំណាត់ថ្នាក់ខ្ពស់ពេញមួយរដូវកាល ត្រូវប្រកួតដណ្ដើមពាន អមប្រាក់រង្វាន់ ៨០ម៉ឺនដុល្លារ នាថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ៕

ដោយ​៖ តារា​


ចែករំលែក៖