ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បន្តរំលឹក និងអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន! ការក្លែងបន្លំតាមរយៈ QR Code សូមប្រុងប្រយ័ត្នចំពោះការឆបោកតាមរយៈការស្កេន QR Code ដែលអាចធ្វើឱ្យអ្នកបាត់បង់ប្រាក់ និងព័ត៌មានផ្ទាល់ខ្លួន។
នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ៣ រូបភាពនៃការឆបោកដែលត្រូវប្រុងប្រយ័ត្ន
*១. QR Code ក្លែងក្លាយ
ជនខិលខូចអាចបន្លំ QR Code ដោយដាក់ជំនួស QR Code ពិតប្រាកដ ដើម្បីបង្វែរការទូទាត់ប្រាក់ទៅគណនីរបស់ខ្លួន។
*២. QR Code បន្លំទៅកាន់គេហទំព័រក្លែងក្លាយ
ការស្កេន QR Code ដែលមានប្រភពមិនច្បាស់លាស់ អាចនាំអ្នកទៅកាន់គេហទំព័រក្លែងក្លាយ ដើម្បីលួចយកព័ត៌មានសម្ងាត់។
*៣. QR Code បន្លំដើម្បីលួចព័ត៌មាន
ជនឆបោកអាចប្រើ QR Code ដើម្បីបន្លំឱ្យអ្នកបញ្ចូលព័ត៌មានផ្ទាល់ខ្លួន លេខសម្ងាត់ ឬព័ត៌មានគណនីធនាគារ។
នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កត់ធ្ងន់ថា គន្លឹះការពារខ្លួនពីការឆបោកតាម QR Code
*១. ពិនិត្យប្រភព QR Code ជាមុន
ស្កេនតែ QR Code ដែលមានប្រភពច្បាស់លាស់ និងអាចទុកចិត្តបាន។ កុំស្កេន QR Code ដែលមិនស្គាល់ប្រភព។
*២. ផ្ទៀងផ្ទាត់ព័ត៌មានមុនពេលទូទាត់
ពិនិត្យឈ្មោះអ្នកទទួលប្រាក់ និងចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវ មុននឹងបញ្ជាក់ប្រតិបត្តិការទូទាត់។
*៣. កុំផ្តល់ព័ត៌មានសម្ងាត់
កុំបញ្ចូល ឬចែករំលែកលេខកូដ OTP លេខសម្ងាត់ PIN និងព័ត៌មានគណនីធនាគារតាមរយៈគេហទំព័រដែលមិនគួរឱ្យទុកចិត្ត។
*៤. បញ្ឈប់ប្រតិបត្តិការដែលគួរឱ្យសង្ស័យ
ប្រសិនបើមានអ្វីមិនប្រក្រតី សូមកុំបន្តប្រតិបត្តិការ ហើយទាក់ទងទៅធនាគាររបស់អ្នកតាមរយៈបណ្តាញផ្លូវការ៕
🛡ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច! ដូច្នេះ«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច