ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ! ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជូនបច្ចុប្បន្នភាពថ្មីៗពីរាជរដ្ឋាភិបាល ដូចតទៅ៖

ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ពេលនេះកំពុងស្ថិតនៅឯរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម(CLMV) លើកទី១២ ដែលកំពុងបើកធ្វើ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

ផ្អែកលើស្មារតីនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូសេដ្ឋកិច្ច កិច្ចប្រជុំកំពូល CLMV ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែង ការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងបួន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ ក៏មានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល CLMV ពីប្រទេសវៀតណាម មកប្រទេសកម្ពុជាម្តង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានជំនួបទ្វេភាគីជាមួយសមភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក។

ទី២. រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្ដោយព្រំដែន។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីនៅចន្លោះថ្ងៃទី២៥ ដល់២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានឈូសឆាយដី និងពង្រីកផ្លូវនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខាងលើដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

សកម្មភាពឯកតោភាគីទាំងនេះក៏រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ នៃសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិនោះដែរ។

រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់រាល់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើយ៉ាងណាដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ។ 

ទី៣. កងទ័ពយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគ២ថៃ បានជួបប្រជុំក្រៅផ្លូវការកម្រិតក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) កម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាដែលផ្ទុយពីសេចក្តីប្រកាសរួមនេះ សំដៅឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។

ភាគីទាំងពីរក៏បានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីៗនេះ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា៕

ដោយ ៖ សិលា


ចែករំលែក៖