ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញទទួលជួបប្រជុំពិភាក្សាការងារជាមួយ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក គុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលជួបប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តស្ទឺងត្រែង និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ លោក អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា ។

កិច្ចប្រជុំនេះធ្វើឡើងសាលប្រជុំសាលាខេត្តស្ទឹងត្រែងដោយមានការចូលរួមពី លោក លោកស្រី អនុប្រធាន និងសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា លោក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាលក្រុងស្រុក និងប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ ។

លោក អង្គ វង្ស វឌ្ឍានា បានគូសបញ្ជាក់ថា បេសកកម្មចុះមកកាន់ខេត្តក្រចេះនាពេលនេះ គឺក្នុងគោលបំណងស្វែងយល់អំពីវឌ្ឍនភាពនៃវិស័យយុត្តិធម៌ ការអនុវត្តច្បាប់របស់ស្ថាប័នតុលាការ (សាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង) ព្រមទាំងស្តាប់នូវរបាយការណ៍ បញ្ហាប្រឈម និងសំណូមពរនានាពីរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និងជាការពិនិត្យតាមដាន វាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

នាឱកាសនោះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានជម្រាបគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា អំបីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ខេត្តស្ទឹងត្រែង ជាពិសេសលើការអនុវត្តច្បាប់ជាកិច្ចការអាទិភាពចម្បង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ និងអនុវត្តតួនាទីភារកិច្ចស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោក អភិបាលខេត្តស្ទឹងត្រែងបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរខេត្តក្នុងបានយកចិត្តទុកដាក់ដឹកនាំ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏បានសហការជំរុញឱ្យសាលាដំបូងខេត្ត ពន្លឿនការដោះស្រាយសំណុំរឿងដែលកកស្ទះនៅតុលាការ ឱ្យបានឆាប់រហ័ស និងកាត់បន្ថយចំនួនសំណុំរឿងសេសសល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាបានកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែងជាពិសេសក្នុងរយៈពេលចុងក្រោយនេះបានផ្លាស់មុខមាត់ថ្មី មានការអភិវឌ្ឍរីកចំរើនគួឲ្យកត់សម្គាល់។

ដោយ៖រដ្ឋបាលខេត្តស្ទឹងត្រែង


ចែករំលែក៖