ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យដែលជាឃាតក សម្លាប់ប្រពន្ធខ្លួនឯងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។
ជនសង្ស័យឈ្មោះ រ័ត្ន វិជ្ជា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអុីនធើណេត ស្នាក់នៅចំណុចកេីតហេតុខាងលេី។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ាង សុជាតិ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេដោះ(មេីលកូនឱ្យគេ) ស្នាក់នៅជាមួយម្តាយ ក្នុងខណ្ឌទួលគោក ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលនៅចំណុចបន្ទប់ជួលលេខ០៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ ថៃ គី អាយុ៤៨ឆ្នាំ បានបញ្ជាក់ថា កាលពីថ្ងៃទី១១ខែមីនា ឆ្នាំ២០២២ ជនសង្ស័យ បានមកសុំរូបគាត់យកប្រពន្ធទៅដេីរលេង ហេីយគាត់ក៏យល់ព្រម។ ក្រោយមកគាត់មិនឃេីញកូនគាត់ត្រឡប់មកផ្ទះវិញ គាត់ក៏បានព្យាយាមខលទៅ តែទាក់ទងមិនបាន រហូតដល់ថ្ងែទី១៥ ខែមីនា ឆ្នាំ២០២២ ទេីបមានប៉ូលិសខេត្តពោធិ៍សាត់ ខលមកប្រាប់ថា កូនរបស់គាត់ត្រូវបានជនសង្ស័យជាប្តីសម្លាប់បាត់ទៅហេីយ នៅបន្ទប់ជួលរបស់ជនសង្ស័យ។សមត្ថកិច្ចបញ្ជាក់ថា គឺជនសង្ស័យចូលសារភាពនៅប៉ុស្តិ៍ក្រគរ ខេត្តពោធិ៍សាត់ ។
គេមិនទាន់ដឹងច្បាស់ពីមូលហេតុច្បាស់លាស់នៅឡើយទេថាការសម្លាប់ប្រពន្ធរបស់នោះផ្តើមចេញពីអ្វី? ប៉ុន្តែតាមប្រភពខ្លះបានឱ្យដឹងថាសង្ស័យអំពើឃាតកម្មខាងលើនេះអាចកើតចេញពីការប្រចណ្ឌ។
ទោះជាយ៉ាងណានេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះពេលនេះសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀតទើបដឹងមូលហេតុច្បាស់។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា