ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសុំច្បាប់សាងសង់សំណង់ដើម្បីធានាឲ្យមានភាពរឹងមាំ ធានាបាននូវគុណភាព សុវត្ថិភាព និងសោភណភាព ឲ្យស្របតាមបច្ចេកទេសសំណង់ គឺឲ្យស្អាត ឲ្យល្អ ឲ្យមាំ ឲ្យជាប់ និងស្របច្បាប់ផងដែរ។
ការថ្លែងបែបនេះរបស់លោកអភិបាលរងក្រុងបានធ្វើឡើងក្នុងការចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងសាងសង់សំណង់នៅក្នុងក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្ត្រីជំនាញនិងអាជ្ញាធរសង្កាត់ផងដែរ។
លោកអភិបាលរងក្រុងបានបន្តថា ដើម្បីឲ្យសំណង់សាងសង់មានគុណភាព ប្រជាពលរដ្ឋត្រូវសុំច្បាប់អនុញ្ញាតសាងសង់ឲ្យបានត្រឹមត្រូវនៅច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលក្រុង ព្រោះការងារសាងសង់មានច្បាប់គឺភ្ជាប់មកជាមួយនូវប្លង់ដីឲ្យបានច្បាស់លាស់ដែលមានការទទួលស្គាល់ពីអាជ្ញាធរនិងមន្ទីរជំនាញ។
លោកបន្តថា សំណង់ស្របច្បាប់អាចកាត់បន្ថយនូវទំនាស់របស់អ្នកជិតខាង ព្រោះពេលដែលយើងធ្វើត្រូវអនុវត្តនូវគម្លាតនគរូបនីយកម្មបញ្ញតិ និងមិនឲ្យប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋ មិនឲ្យមានទំនាស់រវាងម្ចាស់សំណង់និងក្រុមជាង ដោយឃើញថា កន្លងទៅមានទំនាស់ញឹកញាប់ដែលប្រជាពលរដ្ឋម្ចាស់សំណង់ប្តឹងមកមន្ទីរឲ្យជួយដោះស្រាយដោយសារការសាងសង់សំណង់គ្មានគុណភាពជាដើម។
លោកបានបញ្ជាក់ថា ការស្នើសុំច្បាប់សាងសង់ឲ្យបានត្រឹមត្រូវគឺផ្តល់ភាពជាគំរូល្អនិងជាមោទនភាពសម្រាប់ខ្លួនឯង និង សង្គមជាតិ ហើយត្រូវចូលរួមសហការឲ្យបានល្អតាមការណែនាំរបស់រដ្ឋបាលក្រុង ដើម្បីទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ និងដើម្បីធានាថារាល់សំណង់ទាំងអស់មានលក្ខណៈស្របច្បាប់ជៀសវាងមានទំនាស់ទៅថ្ងៃក្រោយបន្តទៀត៕
ដោយ៖យឹម សុថាន