ព័ត៌មានទាន់ហេតុការណ៍៖

Washington Post៖ អ៊ីរ៉ង់ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink ក្នុងប្រតិបត្តិការវាយប្រហារលើកងកម្លាំងអាមេរិក

ចែករំលែក៖

ប្រទេសអ៊ីរ៉ង់ត្រូវបានរាយការណ៍ថា បានប្រើប្រាស់សេវាអ៊ីនធឺណិតផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ដើម្បីគាំទ្រប្រតិបត្តិការវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Washington Post កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពព័ត៌មានដែលដឹងពីករណីនេះ។

របាយការណ៍បានឱ្យដឹងថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីទទួលបានព័ត៌មានអំពីការប្រើប្រាស់ប្រព័ន្ធ Starlink ដោយគ្មានការអនុញ្ញាតចំនួនពីរករណី។ ក្រុមការងាររបស់លោកបានសន្និដ្ឋានថា ករណីទាំងនេះមានជាប់ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងប្រតិបត្តិការប្រឆាំងនឹងកងកម្លាំងអាមេរិក នេះបើយោងតាមមនុស្សពីរនាក់ដែលដឹងពីការពិភាក្សាផ្ទៃក្នុងរបស់ក្រុមហ៊ុន។

ប្រភពមួយក្នុងចំណោមនោះបានប្រាប់ Washington Post ថា លោក Musk ក៏ទទួលបានព័ត៌មានថា យោធាអាមេរិកបានប្រើប្រាស់យន្តហោះដ្រូនដែលអាចហោះហើរទៅវាយប្រហារគោលដៅដោយមិនត្រឡប់មកវិញ តាមរយៈប្រព័ន្ធ Starshield ដែលជាប្រព័ន្ធ Starlink សម្រាប់ការប្រើប្រាស់ផ្នែកយោធា។ ប៉ុន្តែ ការប្រើប្រាស់នេះត្រូវបានធ្វើឡើងតាមគម្រោងសេវាកម្មដែលមានតម្លៃថោកជាង និងត្រូវបានរៀបចំឡើងសម្រាប់ប្រតិបត្តិការនៅលើដី។

ក្រុមហ៊ុន SpaceX និងក្រសួងការបរទេសអ៊ីរ៉ង់ មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Reuters នោះទេ។

តាមការចុះផ្សាយរបស់ Washington Post របាយការណ៍សម្ងាត់មួយស្តីពីការប្រើប្រាស់ Starlink របស់យោធាអ៊ីរ៉ង់ ត្រូវបានបញ្ជូនទៅកាន់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth។

ទោះជាយ៉ាងណា ក្រសួងការពារជាតិអាមេរិកបានឆ្លើយតបតាមសេចក្តីថ្លែងការណ៍ទៅកាន់ Reuters ថា ខ្លួន «មិនបានដឹងអំពីរបាយការណ៍ដែលបានបញ្ជូនទៅកាន់ការិយាល័យរដ្ឋមន្ត្រីការពារជាតិ ពាក់ព័ន្ធនឹងបញ្ហានេះទេ»។

Starlink កំពុងប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងក្នុងតំបន់ជម្លោះ

ការប្រើប្រាស់ប្រព័ន្ធ Starlink នៅក្នុងតំបន់ដែលមានជម្លោះភូមិសាស្ត្រនយោបាយ ការគ្រប់គ្រងរបស់រដ្ឋាភិបាលអាមេរិកលើប្រព័ន្ធនេះ និងការប្រើប្រាស់ដោយខុសច្បាប់ពីសំណាក់អង្គភាពដែលស្ថិតក្រោមទណ្ឌកម្មអន្តរជាតិ បានក្លាយជាបញ្ហាដែលទទួលការយកចិត្តទុកដាក់កាន់តែខ្លាំង ជាពិសេសក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែន និងអ៊ីរ៉ង់។

ប្រព័ន្ធ Starlink មិនទាន់ទទួលបានអាជ្ញាបណ្ណអនុញ្ញាតឱ្យដំណើរការជាផ្លូវការនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ។ ទោះជាយ៉ាងណា លោក Elon Musk ធ្លាប់បានបញ្ជាក់ថា សេវានេះកំពុងដំណើរការនៅក្នុងប្រទេសអ៊ីរ៉ង់។

អាជ្ញាធរអ៊ីរ៉ង់ធ្លាប់បានកាត់ផ្តាច់ការចូលប្រើប្រាស់អ៊ីនធឺណិតសាធារណៈក្នុងអំឡុងពេលមានភាពចលាចលក្នុងប្រទេស រួមទាំងអំឡុងការតវ៉ាទូទាំងប្រទេសកាលពីខែមករា ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់។

យោងតាមសារព័ត៌មាន Wall Street Journal ក្រោយការតវ៉ានោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានលួចនាំយកឧបករណ៍ទទួលសញ្ញា Starlink រាប់ពាន់គ្រឿងចូលទៅក្នុងប្រទេសអ៊ីរ៉ង់។

ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមជម្លោះយោធាបច្ចុប្បន្នជាមួយអ៊ីរ៉ង់នៅចុងខែកុម្ភៈមក រដ្ឋាភិបាលអ៊ីរ៉ង់បានបន្តរឹតបន្តឹងការគ្រប់គ្រងលើការប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសយ៉ាងតឹងរ៉ឹង៕

ដោយ៖ ភារៈ


ចែករំលែក៖