ព័ត៌មានទាន់ហេតុការណ៍៖

គំរូដ៏ល្អ ! ខណៈរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ស្នើអ្នកឆ្លងកាត់ទីរួមស្រុក ចូលរួមគោរពទង់ជាតិ រៀងរាល់ព្រឹកថ្ងៃចន្ទ និងថ្ងៃសុក្រ!

ចែករំលែក៖

ខេត្តសៀមរាប ៖ រដ្ឋបាលស្រុកក្រឡាញ់ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទីរួម ស្រុកក្រឡាញ់ និង លោក លោកស្រី ប្រធានអង្គភាពរដ្ឋ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោក លោកស្រី ប្រធានគ្រប់គ្រងអាជីវកម្ម វិស័យឯកជន បងប្អូនអាជីវករ និងប្រជាពលរដ្ឋក្នុងស្រុក ក្រឡាញ់ទាំងអស់ បានជ្រាបថា ៖ ដើម្បីចូលរួមថែរក្សា លើកកំពស់អត្តសញ្ញាណជាតិ និងដាស់ អារម្មណ៍ ស្មារតីដល់សាធារណៈជន រដ្ឋបាលស្រុកក្រឡាញ់ នឹង រៀបចំការចាក់ផ្សាយចម្រៀងជាតិ ចាក់បទនគររាជផ្សាយចេញពីវិទ្យុ តាមរយៈឧគ្ឃោសនស័ព្ទ (មេក្រូ) ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣ រៀងរាល់ថ្ងៃ ច័ន្ទ និង ថ្ងៃសុក្រ វេលាម៉ោង ០៧៖០០ នាទីព្រឹក ចាប់ពីមុខអាគារ សាលាស្រុក រហូតដល់ផ្លូវបំបែករង្វង់មូលគ្រុឌថ្លែងសរ ។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវ ទេសចរណ៍ជាតិ-អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទីរួមស្រុកក្រឡាញ់ និង លោក លោកស្រី ប្រធាន អង្គភាពរដ្ឋ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោក លោកស្រី ប្រធានគ្រប់គ្រងវិស័យ ឯកជន បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកក្រឡាញ់ទាំងអស់ ដែលបានលឺសំលេង ការចាក់ផ្សាយនូវចម្រៀងជាតិ សូមមេត្តាឈប់ការធ្វើដំណើរ ឬ ផ្អាកសកម្មភាពការងារផ្សេងៗសិន ដើម្បីចូលរួមគោរពភ្លេងជាតិ ឲ្យបានចប់សិន ទើបអាចបន្តការធ្វើដំណើរ ឬ អនុវត្តការងារផ្សេងៗទៀត បាន។

រដ្ឋបាលស្រុកក្រឡាញ់ សង្ឃឹម និងជឿជាក់ថា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ និងចូលរួមសហការអនុវត្ត។ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាទទួលនូវការគោរពស្រឡាញ់ដោយស្មោះអំពីយើងខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖