ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលចេញអនុក្រិត្យ ស្តីពី ការកែប្រែ ដែនជម្រកសត្វព្រៃព្រៃឡង់

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលចេញអនុក្រិត្យ ស្តីពី ការកែប្រែ ដែនជម្រកសត្វព្រៃព្រៃឡង់ សម្រេច : 

មាត្រា១ -ត្រូវបានកែប្រែដែនជម្រកសត្វព្រៃព្រៃឡង់ ពីផ្ទៃដីទំហំ៤៣១ ៦៨៣(បួនសែនបីម៉ឺនមួយពាន់ប្រាំមួយ រយប៉ែតសិបបី)ហិកតា មកផ្ទៃដីទំហំ៤៨៩ ៦៦៣(បួនសែនប្រាំបីម៉ឺនប្រាំបួនពាន់ប្រាំមួយរយហុកសិបបី) ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដូចមានផែនទីភ្ជាប់ក្នុង ឧបសម្ព័ន្ធ១និងនិយាមកា(តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS.1984)ភ្ជាប់ក្នុង ឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

ផ្ទៃដីដែនជម្រកសត្វព្រៃព្រៃឡង់ខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ៤៣១ ៦៨៣(បួនសែន បីម៉ឺនមួយពាន់ប្រាំមួយរយប៉ែតសិបបី)ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ៧៤ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃព្រៃឡង់ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ៥៧ ៩៨០(ប្រាំម៉ឺនប្រាំពីរពាន់ប្រាំបួនរយប៉ែតសិប)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យ លេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ ការពារធម្មជាតិ។

មាត្រា២- អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

– ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី និងសារព័នមជ្ឈដ្ឋានធម្មជាតិ ការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ

ដោយមាន

– រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ 

– ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព

– គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព 

– លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

មាត្រា៣ – ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ដោយសហការ ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្តក្រចេះ រដ្ឋបាលខេត្តកំពង់ធំ រដ្ឋបាលខេត្តស្ទឹងត្រែង និងរដ្ឋបាលខេត្ត ព្រះវិហារ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការគ្រប់គ្រងជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ និរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា៤ -លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្តីពីការបង្កើត ដែនជម្រកសត្វព្រៃព្រៃឡង់ អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្ត ថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា៥ -អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៦ -រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អភិបាលនៃ គណៈអភិបាលខេត្តកំពង់ធំ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងអភិបាលនៃគណៈអភិបាលខេត្ត ព្រះវិហារ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖