ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបររថយន្តធុនធំជាច្រើនមិនព្រមបង់ភាស៊ីចំណតចល័ត២ម៉ឺនរៀលដោយនិយាយថាថ្លៃពេក ទុករថយន្តចោលបណ្តាលឱ្យស្ទះចរាចរណ៍ពេញផ្លូវជាលើកទី៣

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមអ្នកបើកបររថយន្តធុនធំមិនព្រមបង់ភាស៊ីចំណតចល័តចំនួន២ម៉ឺនរៀលព្រោះថ្លៃជាងមុនក៏ទុករថយន្តចោលបណ្តាលឱ្យស្ទះពេញផ្លូវដើម្បីរកដំណោះស្រាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

    ក្រុមអ្នកបើកបររថយន្តបានប្រាប់ថា៖មូលហេតុដែលពួកគាត់ទុករថយន្តចោលតាមដងផ្លូវនៅចំណុចប៉ុស្តិ៍ដាក់ទារភាស៊ីចំណតរថយន្តចល័តក្រុងប៉ោយប៉ែត បណ្តាលឱ្យកកស្ទះនេះព្រោះចង់អោយថ្នាក់ដឹកនាំជួយរកដំណោះស្រាយជូនពួកគាត់ផង ព្រោះអ្នកវិនិយោគចំណតរថយន្តថ្មីនៅក្រុងប៉ោយប៉ែតបានទាមទារអោយបង់ភាសុីចំណតរថយន្ត១គ្រឿងតម្លៃ២ម៉ឺនរៀលថ្លៃជាងអ្នកវិនិយោគចាស់ដែលក្នុងរថយន្ត១គ្រឿងអោយបង់តម្លៃតែ៥ពាន់រៀលប៉ុណ្ណោះ។

    ក្រុមអ្នកបើកបររថយន្តបន្តថា៖ ការទុករថយន្តចោលនៅប៉ុស្តិ៍ទារភាស៊ីចំណតរថយន្តនៅចំណុចខាងលើនោះមានរយៈពេល៣លើកមកហើយដោយសុំតម្លៃដូចមុន ព្រោះកន្លងមកអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានចុះមកដោះស្រាយជូនដែរតែគ្មានប្រសិទ្ធភាព ព្រោះក្រុមទារភាស៊ីនៅតែយកតម្លៃ២ម៉ឺនរៀលក្នុងមួយគ្រឿងដដែលទើបពេលនេះពួកគាត់ទុករថយន្តចោលមិនព្រមបង់ភាស៊ីព្រោះទារថ្លៃពេក  ហើយកន្លែងទារភាស៊ីផ្សេងៗដូចជាទីតាំងនៅខេត្តបាត់ដំបង បេនរថយន្តរបស់គេធំទូលាយ មានបន្ទប់ទឹក កន្លែងចតនិងកន្លែងស្នាក់នៅល្អ គាត់មិនខ្លាចបង់ឲ្យនោះទេ តែកន្លែងបេនរថយន្តប៉ោយប៉ែតមិនមានកន្លែងចតត្រឹមត្រូវហើយបែរជាមកទាមទារឱ្យបង់ថ្លៃបេនថ្លៃជាងគេដែលមានកន្លែងត្រឹមត្រូវនេះជាហេតុមួយធ្វើឱ្យពួកគាត់ខឹងសម្បាទៅម្ចាស់ទារភាស៊ី។

    តំណាងក្រុមហ៊ុនវិនិយោគចំណតបានប្រាប់ថា៖ ការអនុវត្តន៍ទារភាស៊ីចំណតរថយន្តក្រុងប៉ោយប៉ែតត្រូវបានអនុវត្តតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានចេញវិក្កយប័ត្រតម្រូវឱ្យម្ចាស់រថយន្តធុនធំដែលធ្វើអាជីវកម្មត្រូវបង់ភាស៊ីចំនួន២ម៉ឺនរៀលនិងរថយន្តធុនកណ្តាល១គ្រឿងតម្លៃ១ម៉ឺនប្រាំពាន់រៀល ចំណែករថយន្តធុនតូចតម្លៃ៦ពាន់រៀល។

តំណាងក្រុមហ៊ុនបន្តថា មុនអនុវត្តត្រូវជូនដំណឹងទៅម្ចាស់រថយន្តធ្វើអាជីវកម្មលើដងផ្លូវត្រូវបង់ភាស៊ី។

    លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ថាៈក្រោយក្រុមហ៊ុនវិនិយោគចំណតក្រុងប៉ោយប៉ែតតម្រូវអោយម្ចាស់រថយន្តដែលធ្វើអាជីវកម្មដឹកទំនិញឆ្លងកាត់ក្រុងប៉ោយប៉ែតចំនួនដូចអ្វីដែលតំណាងក្រុមហ៊ុនអះអាងពីរឿងបង់ភាស៊ី តែអ្នកបើកររថយន្តមិនព្រមបង់ទុករថយន្តចោលលើផ្លូវជាតិធ្វើឲ្យស្ទះ តែត្រូវបានកម្លាំងនគរបាលចរាចរណ៍ជួយសម្របសម្រួលចរាចរណ៍មិនអោយមានការកកស្ទះនោះឡើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖