ខេត្តព្រះសីហនុ ៖ នៅព្រលប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨ និង ៥០នាទី នៅចំណុចផ្លូវផ្ទះតាឆេរ ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីឆក់កាបូប មួយកើតឡើង បង្កដោយជន សង្ស័យ១នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ ក្នុងពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវជាមួយកូនស្រី បណ្តាលឲ្យដួលម៉ូតូ ធ្វើឲ្យកូនស្រីរបស់គាត់រងរបួស ពកក្បាល ផ្នែកថ្ងាសមុខចំហៀងខាងស្តាំ និងដាច់រលាត់ស្បែកនៅលើផ្ទៃមុខ និង ផ្នែក ក ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះទៅដល់ទីតាំងកើតហេតុស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមស្វែងរកជនសង្ស័យ រហូតដល់វេលាម៉ោង ១៩ និង ០០នាទី ក៏ប្រទះឃើញជនសង្ស័យ នៅផ្លូវមុខផ្សារចិនសមត្ថកិច្ចក៏ស្ទាក់ឃាត់ឲ្យជនសង្ស័យ ឈប់ម៉ូតូ តែជនសង្ស័យបានព្យាយាមបើកម៉ូតូរត់គេចខ្លួនកម្លាំងសមត្ថកិច្ច បានដេញ រហូតដល់ផ្លូវចំណោតហាងតាផលលើភ្នំ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យបានយកកាបូបដែលធ្វើសកម្មភាពឆក់បាន គប់មកលើសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចបានបន្តដេញតាមជនសង្ស័យរហូតដល់ចំណុចផ្លូវខ្សែកាបិ៍សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទើបស្ទាក់ចាប់ឃាត់ខ្លួនបានសង្ស័យ ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រើន ភារិន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ផ្លូវខ្សែកាបិ៍ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
-វត្ថុតាងចាប់យកបានមាន ៖
-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)
-កាបូបស្ពាយចំហៀង ០១ ពណ៌ក្រហម ដែលជាផលនៃអំពើចោរកម្ម នៅក្នុងកាបូបមាន៖
-លុយអាមេរិក ២,២០០$ (ពីរពាន់ពីររយដុល្លារអាមេរិក)
-លុយខ្មែរ ១,០០០,០០០រៀល (មួយលានរៀល)
-ខ្សែដៃមាស ០១ខ្សែ (ទម្ងន់២តម្លឹង និង ០៣ជី)
-ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក IPHONE 14 PRO ពណ៌ស្វាយ និងម៉ាក OPPO ពណ៌ខៀវ) ។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕
ដោយ៖ សូរិយា