ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្ងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ គណៈមេប្រយោគទូទាំងប្រទេសប្រចាំការ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ដើម្បីធានាថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅបានរលូនល្អ និងមានតម្លាភាព បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារគណៈកម្មាការមេប្រយោគប្រចាំការ និងបុគ្គលិកអប់រំដែលពាក់ព័ន្ធទាំងអស់ បន្តចូលរួមពង្រឹងការអនុវត្តគោលការណ៍ បទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួន ដោយគូសបញ្ជាក់ អំពីភារកិច្ច តួនាទីរបស់គណៈមេប្រយោគប្រចាំការ ក្នុងការទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានី-ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយ តបសំណួរដោះស្រាយបញ្ហាបច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ ដូចជាបញ្ហាភ្លៀងធ្លាក់ ដោយរៀបចំយន្តការការពារឱ្យបានច្បាស់លាស់ និងមានការប្រុង ប្រយ័ត្នចំពោះការធ្វើដំណើរ។
ក្នុងដំណើរការសំណេរ ត្រូវមានគណៈកម្មការប្រចាំការដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាបន្ទាន់ និងចាំបាច់ ក៏ដូចជាទទួលរបាយការណ៍អំពីដំណើរការនៃការប្រឡងនៅមុនបញ្ចប់វិញ្ញាសាសរសេរទាំងពេលព្រឹក និងពេលរសៀល សហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ដើម្បីបង្ការ និងទប់ស្កាត់បាតុភាព មិនប្រក្រតី សម្របសម្រួលជាមួយកម្លាំងសន្តិសុខតាមមណ្ឌល តាមរាជធានី-ខេត្ត ផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលាតាមរយៈគេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួងអប់រំ។
តាងនាមក្រសួងអប់រំ យុវជននិងកីឡាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលសហការ ផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗ សិស្សានុសិស្ស និងបុគ្គលិកអប់រំទាំងអស់ដែលចូលរួមក្នុងដំណើរការនៃការរៀបចំការប្រឡង ក៏ដូចជាក្រុមការងារត្រៀមចូលរួមក្នុងការប្រឡង និងសូមជូនពរឱ្យបេក្ខជនប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ថ្ងៃស្អែកនេះ ទទួលបានជោគជ័យ និងទទួលបាននិទ្ទេសដែលខ្លួនចង់បាន ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរៀនសូត្រកន្លងទៅ និងឈានទៅបន្តការ សិក្សាកាន់តែខ្ពស់ ឈោងចាប់ជំនាញ និងការងារក្នុងក្តីស្រមៃដែលខ្លួនប្រាថ្នា៕
ដោយ៖ សូរិយា