ទីក្រុងវៀងចន្ទន៍ ៖ ថ្លែងចេញពីរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ក្នុងវេទិកាធុរកិច្ច, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចសេរីបំផុត ក្នុងពិភពលោក និងជាប្រទេសដំបូងគេ ក្នុងតំបន់ដែលបើកចំហរស្ទើរគ្រប់វិស័យ សម្រាប់វិនិយោគិនបរទេស។
ការលើកឡើងបែបនេះក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងកម្មវិធី អាហារពេលព្រឹកស្វែងរកដៃគូ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជា មានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ជាសក្ខីភាពដែលបញ្ជាក់ពីភាពរឹងមាំ មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ជាតិ រួមទាំងទីតាំងយុទ្ធសាស្ដ្រ នៅចំកណ្ដាលនៃតំបន់ និងកម្លាំង និងមានជំនាញ ព្រមទាំងប្រសិទ្ធភាពនៃ ការអនុវត្តគោលនយោបាយនានា។ ក្នុងនោះរាជរដ្ឋាភិបាល បានរក្សានូវអភិក្រមដែលគាំទ្រធុរកិច្ចដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជន នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការអាជីវកម្ម ដោយបានអនុវត្តច្បាប់គោលនយោបាយ និងយុទ្ធសាស្ដ្រគ្រប់គ្រុងជ្រោយ។
សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា «កម្ពុជា ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមាន សេដ្ឋកិច្ចសេរីបំផុតក្នុងពិភពលោក វិនិយោគិនបរទេសអាចបង្កើត គម្រោងវិនិយោគ ជាកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យជាច្រើន ដោយមិនចាំបាច់មានតម្រូវការចូលរួមពីភាគីក្នុងស្រុក លើកលែងតែកម្មសិទ្ធិដីធ្លីមួយប៉ុណ្ណោះ»។
សម្ដេចធិបតី បន្ដថា កម្ពុជាគឺជាប្រទេសដំបូងគេក្នុងតំបន់ ដែលបើកចំហស្ទើរតែគ្រប់វិស័យ សម្រាប់ការវិនិយោគបរទេស ចាប់តាំងពីឆ្នាំ១៩៩៤ វិនិយោគិនបរទេសអាចផ្ញើប្រាក់ចំណេញដោយសេរី ទៅកាន់ប្រទេសកំណើតរបស់ពួកគេ។ លើសពីនេះ តាមរយៈ ច្បាប់ស្ដីពីវិនិយោគនៃកម្ពុជា កម្ពុជាបានផ្ដល់ជូននូវក្របខ័ណ្ឌ លើកទឹកចិត្ដដល់គម្រោងវិនិយោគ រួមជាមួយនឹងការសម្របសម្រួលផ្ដល់សេវាថែទាំ ដោយបានធ្វើសាមញ្ញកម្មនីតិវិធីចុះបញ្ជី និងសេវាក្រោយការអនុម័តគម្រោងវិនិយោគ យ៉ាងទូលំទូលាយដល់វិនិយោគិន។
សម្ដេចធិបតី បន្ថែមថា នៅឆ្នាំនេះ រាជរដ្ឋាភិបាល បាន ដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្ដព្រះសីហនុ ដោយផ្ដល់ការសម្រួលនីតិវិធី និងអត្ថប្រយោជន៍ពិសេសដល់វិនិយោគិន លើពីច្បាប់វិនិយោគ។ សម្ដេច ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យរៀបចំបង្កើតកម្មវិធីពិសេសមួយ ដើម្បីជំរុញការវិនិយោគ នៅក្នុងខេត្ដភូមិភាគឦសានទាំងបួន ជាប់ព្រំដែនឡាវ និងវៀតណាម។ កម្មវិធីពិសេសនេះ នឹងមានរួមបញ្ចូលគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកទឹកចិត្ដដ៏គួរឲ្យទាក់ទាញ ដើម្បីបង្កើនទំនុកចិត្ដវិនិយោគបន្ថែមទៀត ទៅដល់តំបន់ដែលពុំសូវមានភាពតភ្ជាប់ និងមានការអភិវឌ្ឍតិចតួច៕
ដោយ ៖ សិលា