ភ្នំពេញ៖ កម្លាំងរដ្ឋបាលខណ្ឌពោធិ៍ចុះត្រួតពិនិត្យហាងម៉ាស្សាជនជាតិចិនបង្កប់សេវាផ្លូវភេទ ឃាត់មនុស្សប្រុសស្រីចំនួន១៣នាក់ យកទៅសួរនាំភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានអោយដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យទទួលដំណឹងពីបងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ប្តឹងទៅគណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ដោយបានប្រាប់ថា ទីតាំងម៉ាស្សាយីហោ ឡុងជីតាវ មានបង្កប់នូវសេវាបម្រើផ្លូវភេទ។ បន្ទាប់មក កម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំ ដោយលោកអភិបាលរងខណ្ឌនិងអធិការរងទទួលបន្ទុក មានគ្រប់ជំនាញ បានចុះនៅទីតាំងខាងលើ ដោយមានជនជាតិចិនជាថៅកែប្រុសម្នាក់និងភ្ញៀវប្រុសម្នាក់រួមនឹងនារីៗជាបុគ្គលិកចំនួន១១នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន ដោយសរុបទាំងអស់ទាំងស្រីទាំងប្រុសមានចំនួន១៣នាក់ និងវត្ថុតាងដកហូតរួមមាន ទូរស័ព្ទ១២គ្រឿង ស្រោមអនាម័យចំនួន២ប្រអប់ធំ និងដែកកេះបុកចំនួន២ដេីម។
ក្រោយពេលកេីតហេតុជនជាតិចិននិងជនជាតិផ្សេងទៀតនោះត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនយកទៅសួរនាំដេីម្បីចាត់ការតាមនីតិវិធីបន្ត៕
ដោយ ៖ រ៉ារ៉ា