ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងចុះបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បំបែកសំណុំរឿងចោរលួចគោ កក្រើក ក្នុងស្រុកសាមគ្គីមុនីជ័យ។
ប្រភពបានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ នៅភូមិអង្រុត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានករណីលួចគោសត្វ បង្កដោយជនសង្ស័យមួយក្រុមមិនស្គាល់ អត្តសញ្ញាណ ។ ជនរងគ្រោះឈ្មោះ សេម តាំងនី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ ភូមិអង្រុត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ។ មុនពេលកើតហេតុ ជនរងគ្រោះ បានចងសត្វគោញីចំនួន៤ក្បាល ទុកនៅក្រោយផ្ទះ ហើយសំរាន្ត នៅក្រោមផ្ទះ ។ លុះដល់វេលាម៉ោងកើត ហេតុ បានដើរទៅមើលសត្វគោទើបដឹងបាត់ ហើយរាយការណ៍ជូនសមត្ថកិច្ច ។
ក្រោយពីទទួលពត៌មាននគរបាលស្រុកសាមគ្គីមុនីជ័យ បានសហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងស្រុកសំរោងទង តាមប្រតិបត្តិការ ដេញបង្ត្រាប ដល់ផ្លូវជាតិលេខ ៥១ គីឡូ លេខ ៣៦-៣៧ ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង បានឃើញ រថយន្ត១គ្រឿងម៉ាក BAW BJ1040PIS4 ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 3B.4061(ជារថយន្តរបស់ជនសង្ស័យដែលសមត្ថកិច្ចកំណត់ ថាធ្លាប់ដឹកសត្វគោ ពេលលួចបានលើកមុន) ហើយបានឃាត់ត្រួតពិនិត្យ តែជនសង្ស័យ មិនព្រមឈប់ ហើយបន្ថែមល្បឿន កម្លាំងបានដេញតាម និងស្ទាក់ពីមុខ ជនសង្ស័យ បានបើករថយន្តធ្លាក់ចូលប្រឡាយ និងធ្លាក់សត្វគោមួយក្បាលចេញមកក្រៅ ទើបឃាត់បានជនសង្ស័យឈ្មោះ នង ម៉ៅ ភេទប្រុសអាយុ ៤២ឆ្នាំ រស់នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ដកហូតវត្ថុតាង: រថយន្តម៉ាក BAW BJ1040PIS4 ពណ៌ខៀវ ផលិតនៅប្រទេសកូរ៉េ ពាក់ស្លាកលេខភ្នំពេញ 3B-4061 ទូរ ស័ព្ទដៃម៉ាកVIVOប្រើលេខ0312671116, អត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ១សន្លឹក,ពូថៅ១,ចបកាប់១,ខ្សែនីឡុងដឹកគោពណ៌ស១,ខ្សែអីនធើណែត ពណ៌បៃតង១ដុំ និងសត្វញី៤ក្បាល (របស់ជនរងគ្រោះ) ។
ជនសង្ស័យ ជាមុខសញ្ញាទើបចេញពីពន្ធនាគារខេត្ត កំពង់ឆ្នាំង ពីបទលួចសត្វគោ ។
ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងអនុវត្តន៍តាមនីតិវីធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច