ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពាក់ព័ន្ធករណីលួចឡាំប្រឺតារបស់អ្នកបើកបរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួនមួយកញ្ចប់មធ្យម និងទូរសព្ទដៃមួយគ្រឿងផងដែរ។
យោងតាមរបាយការណ៍សមត្ថកិច្ច ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ២:៣០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ហ៊ន វណ្ណី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបរផាស្អាប់។
តាមសភាពរឿងហេតុ មុនពេលកើតហេតុ ជនរងគ្រោះបានចតឡាំប្រឺតារបស់ខ្លួននៅខាងមុខផ្ទះ រួចចូលសម្រាក។ លុះដល់ម៉ោងកើតហេតុ ពេលចេញមករៀបចំផាស្អាប់ដើម្បីប្រកបរបរ ស្រាប់តែបាត់ពីកន្លែងចត។ បន្ទាប់មក ជនរងគ្រោះបានព្យាយាមដើររក និងទាក់ទងទៅមិត្តភក្តិ បងប្អូនឱ្យជួយស្វែងរក ប៉ុន្តែមិនឃើញឡើយ ទើបសម្រេចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន។
ប្រភពដដែលបន្តថា រហូតដល់វេលាម៉ោងប្រមាណ ២:៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យម្នាក់កំពុងបើកផាស្អាប់របស់ខ្លួន នៅម្ដុំវត្តស្ងួនពេជ្រ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះក៏បានឃាត់សួរនាំ និងរាយការណ៍ទៅកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះទៅនាំខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ទូច វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ នីត ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មិនស្គាល់អត្តសញ្ញាណច្បាស់ បានរត់គេចខ្លួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកឈ្មោះ នីត ពិតជាបានលួឡាំប្រឺតារបស់ជនរងគ្រោះ ដើម្បីយកធ្វើជាមធ្យោបាយប្រើប្រាស់ផ្ទាល់ខ្លួន។ ចំពោះម្សៅក្រាមពណ៌សថ្លាមួយកញ្ចប់ដែលសមត្ថកិច្ចរកឃើញ ជនសង្ស័យបានអះអាងថា ជារបស់ខ្លួនដែលបានទិញទុកសម្រាប់លក់ចែកចាយបន្ត ព្រមទាំងសារភាពថា ខ្លួនបានប្រើប្រាស់សារធាតុញៀនអស់រយៈពេលជាង៣ឆ្នាំមកហើយ។
តាមរបាយការណ៍ឡាំប្រឺតាដែលបាត់នោះជាម៉ាក TVS KING DURAMAX ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1ID-1653 ត្រូវបានរកឃើញ និងដកហូតមកវិញ។ ចំណែកវត្ថុតាងផ្សេងទៀតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនមួយកញ្ចប់មធ្យម និងទូរសព្ទដៃម៉ាក OPPO ពណ៌ទឹកសមុទ្រមួយគ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខណៈកម្លាំងជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី និងបន្តស្វែងរកបក្ខពួកដែលកំពុងគេចខ្លួន៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច