ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកព្រៃនប់ឃាត់ខ្លួនជនសង្ស័យ២នាក់មុខសញ្ញាលួចគាស់ទម្លុះទម្លាយកាត់ខ្សែរភ្លើង អំពើលួចកាប់ដើមឈើ នៅឃុំតានៃ 

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលស្រុកព្រៃនប់បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ខែវិច្ឆិកានេះថា ថ្ងៃទី ៣០ខែ តុលា ឆ្នាំ ២០២៦ វេលាម៉ោង ១១និង ៣០នាទីនៅចំណុចចំការរបស់ជនរងគ្រោះស្ថិតក្នុងភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើលួចកាប់ដើម ឈើ មួយបានកើតឡើង បង្កដោយជនសង្ស័យចំនួន ០២ នាក់ : ១.ឈ្មោះ សុខ ទ្រី ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរកម្មករដូងប្រេង មានទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ និង២.ឈ្មោះ គើត ស៊ីណា អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិ ខ្មែរ មុខរបរកម្មករជាកៅស៊ូ មានទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនទាំង០២នាក់នេះ បានធ្វើសកម្មភាពប្រើម៉ាស៊ីនកាត់ឈើចូលទៅលួចកាត់ដើមឈើនៅក្នុងចំការរបស់ជនរងគ្រោះឈ្មោះ ហួន ចន្ទ័ ភេទប្រុស អាយុ៦៦ ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ  អស់ដើមឈើទាលធំៗចំនួន០២ដើម។ ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតានៃ ចុះធ្វើការស្រាវស្រាវ និងឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ខាងលើនៅថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០២៦តែម្តង ។

វត្តុតាងចាប់យករួមមាន៖ ម៉ាស៊ីនកាប់ឈើចំនួន ០១គ្រឿង គោយន្ត១គ្រឿង ។

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅជនសង្ស័យខាងលើ តែងតែធ្វើសកម្មភាព លួចយ៉ាងសកម្ម ដូចជាទ្រព្យសម្បត្តិ ក្នុងផ្ទះពលរដ្ឋ គាស់ទម្លុះទម្លាយ កាត់ខ្សែរភ្លើង គាស់ទ្វាផ្ទះ លួចដំណាំហូបផ្លែរ ខ្នុរ ត្រពាំង និង លួចទាំង សត្វគោចិញ្ចឹម មាន់ទាផងដែរ នេះបើតាមបញ្ជាក់ ពីជនរងគ្រោះដែលជាម្ចាស់ចំការ បើគ្រាន់រឿងដើមឈើពីដើមនិង គាត់មិនថាទេ តែនេះលួចគ្រប់យ៉ាង បំផ្លាញ់ទ្រព្យម្បត្តិគាត់ គិតជាថវិការអស់រាប់មុឺនដុល្លារ ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្តុតាងខាងលើ ត្រូវបានអធិការដ្ឋាននគរបាលស្រុកព្រៃនប់កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតីវិធី ៕


ចែករំលែក៖