ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចគយចល័តស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុព្រមទាំងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ បានឃាត់ចាប់រថយន្តទំនើបចង្កូតឆ្វេងមួយគ្រឿងទៀតគ្មានពន្ធនាំចូល ក្នុងក្រុងព្រះសីហនុ។ ករណីបង្ក្រាបចាប់ឡានគ្មានពន្ធនេះដឹកនាំដោយលោក កែវ អង្កាម ប្រធានគយចល័តស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា។ នេះបើតាមមន្ត្រីគយដែលចុះចាប់ផ្ទាប់បានបញ្ជាក់អោយដឹង។
មន្ត្រីគយបានបញ្ជាក់បន្តថា៖
រថយន្តទំនើបចង្កូតឆ្វេងមួយគ្រឿងនេះម៉ាកALPHARD ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខបន្លំ(ខេមរភូមិន្ទ02-4866)ដែលគ្មានការទទួលស្គាល់ពីក្រសួងការពារជាតិ ។បច្ចប្បន្នរថយន្តនេះសមត្ថកិច្ចនាំយកមករក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។ មន្ត្រីគយដដែលថ្លែងបញ្ជាក់ប្រាប់បណ្តាញផ្សព្វផ្សាយ សកម្មភាពឃាត់ចាប់រថយន្តនាំចូលមកប្រើប្រាស់ខុសច្បាប់នេះធ្វើឡើងតាមការណែនាំពីលោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមិនត្រឹមតែជាការប្រមូលប្រាក់ពន្ធទេ ប៉ុន្តែជាយុទ្ធនាការ ឈានទៅរកការជំរុញអោយមានការគោរពច្បាប់ជាធរមានផងដែរ។
គួរម្លឹកថា៖ មួយរយៈកន្លងទៅ នៅក្រុង-ខេត្តព្រះសីហនុ មានករណីប្រើប្រាស់រថយន្តទំនើបៗ បន្លំពាក់ស្លាកលេខ(ខម)ក្លែងក្លាយច្រើន ដូច្នេះការចុះបង្រ្កាបដោយក្រុមគយ មានការគាំទ្រពីមជ្ឈដ្ឋានមហាជន៕
ដោយ៖ សុខ ខេមរា