ខេត្តបាត់ដំបង៖ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលបណ្តាលឱ្យមនុស្ស ៨នាក់ស្លាប់ និងរងរបួស ៣នាក់ទៀតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង និងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចាត់មន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដេីម្បីរៀបចំកម្មវិធីបុណ្យ និងជួយសម្រាលការលំបាកផ្នែកជីវភាពរស់នៅ។
ជាក់ស្តែងនៅល្ងាចថ្ងៃចន្ទ ទី ២១ ខែកញ្ញា ឆ្នាំ២០២០ ក្រុុមការងារដែលដឹកនាំដោយលោក អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលបុណ្យសពជនរងគ្រោះចំនួន ៧នាក់ (ក្នុងនោះមានគ្រួសារមួយ បានស្លាប់សមាជិក ៤នាក់ គឺ ប្តី ប្រពន្ធ និងកូន២នាក់) ព្រមទាំងចុះសួរសុខទុក្ខនិងផ្តល់អំណោយដល់អ្នករងរបួស ៣នាក់ទៀត ដែលទេីបបានធូរស្បេីយចេញពីមន្ទីរពេទ្យ។ ជនរងគ្រោះខាងលេីនេះ រស់នៅក្នុងស្រុករុក្ខគិរី និងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ដោយឡែក នៅព្រឹកថ្ងៃអង្គារ ទី ២២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារដែលដឹកនាំដោយ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលបុណ្យ ៧ថ្ងៃ ជនរងគ្រោះ ១នាក់ ដែលភរិយាបានដឹកសពយកទៅបូជានៅស្រុកកំណើតស្ថិតនៅភូមិងេកងក់ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្នុងឱកាសនោះ គណៈប្រតិភូ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ធម្មជាតិ ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់អ្នករងរបួសឆាប់បានជាសះស្បើយដេីម្បីបានប្រកបជីវភាពរស់នៅប្រចាំថ្ងៃជាប្រក្រតីឡើងវិញ។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានចូលរួមបុណ្យសពទាំង ៨រូប ដោយសពនីមួយៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ៥លានរៀល។ ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់អ្នករងរបួសចំនួន ៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល និងឃីតអ្នករបួស ១ឃីត។
គួររំលឹកថា ឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ដែលបានផ្ដាច់យកជីវិតជនរងគ្រោះ៨នាក់ និង៣នាក់ទៀតរងរបួសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ខណៈជនរងគ្រោះ រួមទាំងញាតិមិត្តមួយចំនួនទៀត កំពុងជួបជុំទទួលទានអាហារពេលល្ងាចក្នុងឱកាសថ្ងៃភ្ជុំបិណ្ឌ៕ដោយ៖ស សម